រឿងមនុស្សចង់ស្លាប់
និទាននេះមានដំណាល ក្នុងក្បួនបារាំងសែស
មានចៅបុរសម្នាក់ មានរោគឈឺរីងរៃស្គាំងស្គមថមថយកំលាំងតាំងសោយទុក្ខវេទនា នឹងនិទ្រាក៏ពុំលក់នឹងស៊ីចុកក៏ពុំបាន រឹតរំខានពន់ពេក ស្រែកពោលថា ក្ដីស្លាប់អើយកាលណានឹងដល់មកឆាប់ ៗ ស្លាប់ទៅប្រសើជាងរស់នៅជាមនុស្សនេះ រស់នៅថ្វីមិនត្រូវនឹងគេយ៉ាងនេះ ។ ពាក្យចៅនោះហៅរកក្ដីស្លាប់ មកយកជីវិតខ្លួនរឿយ ៗ ឬមួយមានញាតិណាឡើងទៅសួរ ក៏ពោលទន្ទេញប្រាប់គេថា ចង់តែស្លាប់ឆាប់ៗទៅ មិនចង់រស់នៅជាមនុស្សឡើយ ។ លុះយូរបន្តិចមក រោគនោះកាន់តែប្រែឈឺខ្លាំង ក៏តាំងស្រែកហៅថា លោកព្រះកាលអើយ ចូរមកកាច់កផ្ដាច់ជីវិតខ្ញុំទៅក្នុងកាលឥឡូវនេះ ។
ឯក្ដីស្លាប់ ក៏សំដែងជារូបចូលមក ឲ្យចៅនោះឃើញប្រចក្ស ចៅនោះកាលដើម ស្រែកហៅរកក្ដីស្លាប់ នឹងចង់ស្លាប់ឆាប់ លុះឃើញក្ដីស្លាប់ជិតដល់មកក៏ភិតភ័យ ស្ទុះក្រោកស្រែករកឲ្យគេជួយ មិនចង់ស្លាប់ឡើយ តាំងបន់អង្វរក្ដីស្លាប់ឲ្យចៀសចេញទៅវិញហោង ។
រឿងនេះ បានគតិដល់បុគ្គលទាំងឡាយ ក្នុងលោកិយនេះ សឹងចង់រស់នៅតែរាល់រូប ទោះរូបវិកលវិការ ខ្វាក់ខ្វិន គ ថ្លង់ ល្ងង់ល្ងើ ឬចាស់ជរា វារលូនទៅណាពុំរួចក្ដី ក៏នៅតែអាល័យស្ដាយជីវិត គិតចង់តែរសនៅមិនចង់ស្លាប់ឡើយ ឯបុគ្គលមានក្ដីទុក្ខវេទនាមកគ្របសង្កត់យ៉ាងខ្លាំង ហើយពោលថាចង់ស្លាប់នោះគឺពុំពិតទេ តែក្ដីស្លាប់ដល់មកក៏ត្រឡប់ជាភិតភ័យប្រកែកមិនចង់ស្លាប់វិញ ប៉ុន្តែប្រកែកពុំបាននឹងអំណាចមច្ចុរាជនោះឯង ។ ពាក្យពោលថាចង់ស្លាប់មិនពិតនោះ បានដូចនិទាននាងមេម៉ាយម្នាក់នាងនោះកាលប្ដីស្លាប់ ក៏ទួញយំអាឡោះអាល័យប្ដីថា "អ្នកប្រុសប្អូនអើយ អ្នកស្លាប់ទៅហើយ មកយកប្អូនទៅផង" ពាក្យដែលនាងមេម៉ាយយំពណ៌នាយ៉ាងនេះកាលយំ នាងនោះ ឈរយំលើមាត់ច្រាំង ៗ នោះបាក់ក៏ធ្លាក់នាងមេម៉ាយ ដូចជាគេប្រមៀលរអិលទៅក្នុងព្រែក នាងនោះក៏ស្រែកថា "ប្អូនមិនទៅទេអ្នកបងអើយ ប្អូនមិនទៅទេ" ពាក្យនាងមេម៉ាយពោលមិនពិតដោយប្រការយ៉ាងនេះ ។ ហេតុនោះ បានជាថាក្ដីស្លាប់មួយនេះពុំមាននរណាថាចង់ស្លាប់សោះឡើយ ។ ឯមនុស្សដែលសម្លាប់ខ្លួនឯង មានចងកជាដើមនោះ នឹងបានស្លាប់ដោយចិត្តប្រក្រតីក៏ទេ គឺស្លាប់ដោយកម្មនិយមចំណែកមួយផ្សេង នឹងបានចង់ស្លាប់នោះក៏ទេ សឹងខ្លាចក្ដីស្លាប់ដូចគ្នាទាំងអស់ ឯអ្នកមិនខ្លាចក្ដីស្លាប់នោះ មានតែអាជានេយ្យ ៤ ពួកគឺ ដំរីអាជានេយ្យ ៤ ពួកគឺ ដំរីអាជានេយ្យ ១ សេះអាជានេយ្យ ១ គោឧសករាជ ១ ព្រះខីណាស្រព ១ ត្រូវជា ៤ ពួកអ្នក ៤ ពួកនេះ តែដល់មាត់មច្ចុរាជហើយ ពុំតក់ស្លុតខ្លាចអំណាចក្ដីស្លាប់នោះឡើយ តែក្រៅអំពីអាជានេយ្យ ៤ នេះហើយសឹងតក់ស្លុតខ្លាចអំណាចមច្ចុរាជ ដូចគ្នាទួទៅទាំងពិភព គ្រប់តួសត្វមនុស្សហោង ។
ស្លាប់អើយក្ដីស្លាប់ មិនស្ដាប់បង្គាប់ អង្វរនរណាទោះរាស្ត្រទោះស្ដេច សំរេចលោកា ឬមានចេស្ដាឫទ្ធានុភាព ។ ទោះមានប្រាក់សូក មិនស៊ីចំណូកនរណាឲ្យលាភ ឬមានកំលាំង ច្បាំងតអានុភាពអាចកិនបានរាប រាប់រូបប្រុសស្រី ។ ម្រឹតអើយម្រឹត្យូវ ជាតិជាសត្រូវ នៃយើងប្រក្រតី កើតហើយមានស្លាប់ សម្រាប់លោកិយ មានតែបុរី និព្វានមួយហោង ។ ចប់តម្រាមិនយ៉មស្លាប់ជាគតិទី ៥៧ ។