ចិត្តមាតាបិតា

ចិត្តមាតាបិតា
by ម៉ុក សំឱក
109745ចិត្តមាតាបិតាម៉ុក សំឱក

ខ្លឹមសារ

edit
ម៉ែ​ឪ​ឃើញ​មាន​គំនិត រីក​ថ្លើម​រីក​ចិត្ត រឹង​រិត​ស្រលាញ់។
ថ្នម​កូន​មិន​ឲ្យ​ខឹង​ក្នាញ់ ចំណី​ណា​ឆ្ងាញ់ ទុក​ឲ្យ​អាស្រ័យ។
ថ្និត​ថ្នម​ដូច​កែវ​ចរណៃ ដ៏​មាន​ដំឡៃ ស្មើ​ដួង​នេត្រា។
នាំ​គ្នា​បែរ​បន់​ទេវតា អារក្ស​អ្នក​តា កុំ​ឲ្យ​ឈឺ​ថ្កាត់។
មិន​ដែល​បន្ទោស​មួយ​ម៉ាត់ សរសើរ​តែ​ស្ងាត់ ប្រាប់​ម៉ែ​ប្រាប់​យាយ។
សរសើរ​ដល់​គ្រូ​បាធ្យាយ ហើយ​លើក​ដៃ​ថ្វាយ បង្គំ​ព្រះវិហារ។
ថា​ហេតុ​តែ​បុណ្យ​សម្ភារ ព្រះ​ដ៏​ឈ្នះ​មា ទ្រ​ទ្រង់​កូន​ចៅ។
ឲ្យមាន​ជីវិត​និត្យ​នៅ ចំណេះ​ក៏​ជ្រៅ ប្រាជ្ញា​ក៏​វៃ។
ហើយ​មាន​មារយាទ​ល្អ​ក្រៃ ដឹង​កិច្ច​ប្រពៃ គោរព​គុណ​គាប់។
កូន​នេះ​ជា​កូន​ដើម​ទ្រព្យ វា​នឹង​មាន​ភ័ព្វ សំណាង​ជាង​ឪ។

ឯកសារយោង

edit