Author:ម៉ុក សំឱក
ម៉ុក សំឱក |
លោកគ្រូ ម៉ុក សំឱក កើតនៅក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា គ.ស. ១៨៨០។ បិតារបស់លោកនាម ម៉ុក ជាមន្ត្រីក្នុងព្រះបរមរាជវាំង ខាងក្រុមព្រះអាល័ក្ស ហើយជាកវី១រូបយ៉ាងឯកខាងកាព្យឃ្លោង មានកិត្តិស័ព្ទល្បីល្បាញក្នុងជំនាន់រាជ្យព្រះកុរណាសុវណ្ណកោដ្ឋ។ មាតានាម ជំទាវ សម។ លោកគ្រូ ម៉ុក សំឱក មានភរិយាឈ្មោះ អ្នកស្រីពុំ, បានកូនស្រីមួយឈ្មោះនាង សំឱក-ម៉ាលីយ៉ាន។
កាលពីបឋមវ័យ, លោក ម៉ុក សំឱក បានសិក្សាក្នុងសាលាបារាំង-ខ្មែរ បានប្រលងជាប់សញ្ញាប័ត្របឋមសិក្សាបំពេញវិជ្ជា ផុតថ្នាក់ក្នុងជំនាន់នោះ។ ក្នុងឆ្នាំ១៩០៣ រាជការបានតាំងលោកឲ្យធ្វើការនៅ ក្រសួងសិក្សាធិការ, លុះបន្ទាប់តមក លោកបានធ្វើជាគ្រូបង្រៀនក្នុងសាលាដូចតទៅនេះ៖
- ឆ្នាំ ១៩០៨ នៅសាលា ឌូដាដឺឡាគ្រេ ភ្នំពេញ
- ឆ្នាំ ១៩១២ នៅខេត្តកំពង់ធំ
- ឆ្នាំ ១៩១៨ នៅសាលា ឌូឌាដឺឡាគ្រេ ភ្នំពេញ
- ឆ្នាំ ១៩២៥ នៅសាលា ហ្វ្រង់ស៊ីគារញ៉េរ ភ្នំពេញ
- ឆ្នាំ ១៩២៦ នៅសាលា ហ្វ្រង់ស្វាដូដ្វាំង ភ្នំពេញ
លោកម៉ុក សំឱក ជាគ្រូ១រូបយ៉ាងជំនាញ, ពេញចិត្តក្នុងការបង្ហាត់បង្រៀនណាស់ ហើយជាទីស្រលាញ់ពេញចិត្តនឹងគោរពកោតក្រែង ដោយស្មោះត្រង់នៃបណ្ដាសិស្សទាំងឡាយ ទើបលោកទទួលបាននូវគ្រឿងឥស្សរិយយសដូចខាងក្រោម៖
- មេដៃយ៍មណីសារាភ័រណ៍ ……………… (៩ – ១ – ១៤)
- មេដៃយ៍ប្រាក់ …………………………….. (១០ – ៥ – ១៥)
- មេដៃយ៍សំរិទ្ធិ …………………………….. (២៣ – ៤ – ១៦)
- មេដៃយ៍កិត្តិយសប្រាក់ថ្នាក់លេខ២ …… (២៩ – ៧ – ២០)
- មេដៃយ៍អស្សរិទ្ធិ ………………………….. (១៣ – ៤ – ២៦)
- មេដៃយ៍កិត្តិយសប្រាក់ថ្នាក់លេខ១ ……. (២៦ – ៨ – ២៩)។
លោកបានឡើងថ្នាក់ជាគ្រូបង្រៀនដើមខ្សែទី២ ក្នុងឆ្នាំ ១៩៣០, តែកន្លងបានមួយឆ្នាំ លោកគ្រូមានជម្ងឺក្អកឈាមជាទម្ងន់ ក្រោយដែលបានបំពេញរាជការចំនួន ២៨ឆ្នាំ ដោយយកចិត្តទុកដាក់ជាទីបំផុត លោកក៏ទទួលមរណភាពទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៣១ ក្នុងអាយុ ៥១ឆ្នាំ។ កាលដែលលោកបាត់បង់ទៅ ប្រទេសកម្ពុជាក្នុងជំនាន់នោះ បានខាតនូវគ្រូបង្រៀនដ៏ល្អមួយ ដែលបានបំពេញករណីកិច្ចចំពោះប្រទេសជាតិ តាមនាទីរបស់ខ្លួនយ៉ាងស្មោះចំពោះ ដោយពេញនិស្ស័យ។ យើងកុំភ្លចថាក្នុងសម័យនោះ អ្នកមានចំណេះដឹងប្រហែលនឹងលោក មានចំនួនតិចគ្នាពន់ពេកណាស់ ហើយលោកស្ម័គ្រចិត្តខាងក្រសួងសិក្សាធិការ ដែលពុំសូវមានអ្នកចូលចិត្តធ្វើ ចុះលេខរៀងខាងគ្រូបង្រៀនជាលំដាប់ទី៤ ដោយលោកមានចិត្តអាណិតអាសូរដល់កុមារខ្មែរណាស់ ចង់ឲ្យបានចេះ ឲ្យបានសុភាពរាបសាសមរម្យល្អ នឹងបំពេញក្នុងសង្គម។ អធ្យាស្រ័យនេះជ្រួតជ្រាបពេញព្រៀបក្នុងកិច្ចការជាស្នាដៃរបស់លោក ស្ទើរតែគ្រប់ទំព័រ។
លោកម៉ុក សំឱក, ថ្វីបើបានបំពេញចំណេះវិជ្ជាខាងសាលា បារាំង-ខ្មែរ, គង់អាចចាត់ជាអ្នកប្រាជ្ញមួយរូប ដោយពេញលក្ខណៈខាងអក្សរសាស្ត្រខ្មែរ តែការណ៍នេះមិនគួរនាំឲ្យងឿងឆ្ងល់ទេ ព្រោះក្នុងជំនាន់នោះនៅពុំទាន់កើតការតាំងជញ្ជក់មាត់សរសើរភាសាបរទេសដល់ធ្វេស មិនរវល់ចំពោះភាសារបស់ខ្លួន រហូតដល់ទៅបន្ថោកភាសារបស់ខ្លួនដូចសព្វថ្ងៃនេះនៅឡើយ។ ឯប្រវេណីបុរាណខ្មែរ នៅព្រាយពន្លឺច្បាស់លាស់ ណាមួយបិតារបស់លោកជាអ្នកកាព្យឯក ប្រើកាព្យជាភាសានិយាយធម្មតាផង។ លោក ម៉ុក សំឱក បានរៀបរៀងរឿងរ៉ាវជាច្រើនសម្រាប់បង្រៀនសិស្ស។ រឿងរ៉ាវទាំងនោះច្រើនមានចុះនៅក្នុង បុល្លឺតាំងក្រសួងសិក្សាធិការ និងសៀវភៅសម្រាប់ថ្នាក់មាន កុមារដ្ឋាន ជាដើម និងក្នុងសៀវភៅទស្សនាវដ្ដី “ស្រុកខ្មែរ” ពីឆ្នាំ១៩២៧ ដល់ឆ្នាំ ១៩៣០។ តាមសង្កេតមើលស្នាដៃរបស់លោក យើងបានប្រទះពាក្យកាព្យ ច្រើនជាងពាក្យរាយ ជាបទគ្រប់បែបមាន កាកគតិ, ព្រហ្មគីតិ, ភុជុង្កលីលា ជាដើម។ ចំណែកសិស្សគណៈរបស់លោក ដែលបានទន្ទេញដំបូន្មានជាពាក្យកាព្យ ចាំស្ទាត់សូត្រមាត់ទទេបាន តាំងពីកាលខ្លួននៅជាកូនសិស្ស ដរាបមកដល់សព្វថ្ងៃនេះក៏មានច្រើនរូបដែរ។ យើងសូមដកស្រង់ស្នាដៃរបស់លោកមកដោយអន្លើៗ ចុះផ្សាយចែកជូនលោកអ្នកអានទាំងឡាយ ដូចសេកក្ដីតទៅនេះ។
ស្នាដៃ
edit
ឯកសារយោង
edit- ដកស្រង់ទាំងស្រុងចេញពីទស្សនាវដ្ដី មិត្តសាលាបាលី ឆ្នាំទី១ ខែមិថុនា លេខ៦។ (ឆ្នាំ១៩៥០)