ប្រជុំរឿងព្រេងខ្មែរ/ភាគទី២/17


រឿង បុរស​ចាក់​ស្មុគ




កាល​ពី​ដើម​ម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគ​លើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់​ឯង​ថា " បើ​អញ​ចាក់​ស្មុគ​បាន ១ លក់​បាន ១០ សេន, បើ​ចាក់​ស្មុគ​បាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ, បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា" ។ បុរស​នោះ​មិន​គ្រាន់​តែ​គិត​ក្នុង​ចិត្ត ក៏​យារ​ដៃ​លើក​ទាំង​ជើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​ទាន់ ក៏​នៅ​តែកតោក​ៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មាន​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា " បើ​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត " ។ ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ ទ្រមាក់​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ​ស្រែក​ថា "បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឲ្យ​បាន​រួច​ពី​ចុង​ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​១​ជីវិត ។ ទំពែក​ទាំង ៤ នាក់​នោះ​ឮ​ហើយ​ត្រេក​អរ​ណាស់ គិត​ថា​បាន​ដូច​សេចក្ដី​ប្រាថ្នា ក៏​ស្រែក​ថា " យើង​ទាំង ៤ នាក់​នឹង​ជួយ​អ្នក​ឲ្យ​រួច" ។ ទំពែក​ទាំង ៤ ឈ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់ មុខ​គ្នា​ជា ៤ ជ្រុង ហើយ​ស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគ និង​ទ្រមាក់​ដំរី​ថា " ចូរ​អ្នក​ទាំង​ពីរ​នាក់​ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ ! " ។ បុរស​ចាក់​ស្មុគ​និង​ទ្រមាក់​ដំរី​ទម្លាក់​ខ្លួន​ទាំង​បី​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​ទាំង ៤ នាក់​ចង​នោះ ដូច​ជា​គេ​ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​នាក់​ទៅ ។ ឯ​ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់ ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា "បើ​និយាយ​គិត​ដូច​ម្ដេច​ឲ្យ​បាន​សុខ យើង​ទាំង​ពីរ​នាក់ នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត" ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​អរ ដោយ​ប្ដី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯ​ព្រៃ ហើយ​និយាយ​ថា " បើ​ដូច្នោះ អ្នក​ទៅ​យក​ខ្មោច​ទាំង ៤ នោះ​មក​ដាក់​ក្នុង​ផ្ទះ ចង​រុំ​ឲ្យ​ស្រេច " រួច​យាយ​ចាស់​ឲ្យ​យក​ខ្មោច ១ ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ ។ អ្នក​ស្រុក​សួរ, គាត់​ប្រាប់​ថា " ប្ដី​គាត់​ស្លាប់" អ្នក​ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត, យាយ​ចាស់​ប្រាប់​ថា "សូម​អ្នក​ទាំង​អស់​ដុត​ធ្វើ​ឲ្យ​ល្អ ត្បិត​ប្ដី​ខ្ញុំ​គាត់ ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់ " ។ លុះ​គេ​យក​ខ្មោច ១ ទៅ​ដុត​ហើយ​យាយ​ចាស់​ស្រែក​ថា " ប្ដី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ " ។ អ្នក​ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត ។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់​ប្ដី​យាយ​នោះ​ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុត​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ ។

រយោង​ដូច​សម្ល​កំពឹស