ប្រជុំរឿងព្រេងខ្មែរ/ភាគទី២/18
រឿង អ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាល
កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្ដាលតែរៀងខ្លួន ប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាល ។ បុរសទាំងពីរនាក់គិតគ្នាថា " បើដូច្នោះ យើងដេកយកជើងទល់គ្នា " ហើយបុរសទាំងពីរនាក់នោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។ ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិត មើលមិនដឹងថាជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង ក្ដាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត សត្វទាំងអស់នោះគិតគ្នាថា "ឥឡូវនេះ នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល?" ។ អស់សត្វទាំងនោះគិតគ្នាទៅ ឃើញនៅសល់តែទន្សាយពុំបានមក មួយទៀត ឮល្បីថា "ទន្សាយនោះជាអ្នកមានប្រាជ្ញា ចេះនិយាយក្បួនច្បាប់ទម្លាប់ ចេះកលមាយា ចាំទំនឹមទំនៀមច្រើនបើដូច្នេះ យើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទើបបាន ត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ៗ ប្រកាន់ខ្លួនណាស់" ។ សត្វទាំងនោះគិតគ្នាហើយ ឲ្យដំរីទៅអញ្ជើញទន្សាយ ។ ដំរីក៏ទៅ ឃើញទន្សាយអង្គុយនៅលើក្បាលដំបូក ។ ទន្សាយឃើញដំរីដើរយេកយោកមកពីនាយ ក៏សួរថា "បងដំរី ! មានហេតុអ្វី បានជារលះរលាំងមក? " ។ ដំរីឆ្លើយថា "បងទន្សាយ! ត្បិតមានសត្វអ្វីមួយចម្លែកណាស់ គ្មាននរណាស្គាល់សោះ បានជាអស់សត្វក្នុងព្រៃនេះ ឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើល ក្រែងបងទន្សាយឯងស្គាល់សត្វនោះ" ។ ឯទន្សាយឮដូច្នោះ ហើយសួរថា សត្វនោះដូចម្ដេច តូចឬធំ វែងឬខ្លី ? ។ ដំរីថា "សត្វនោះ ធំចុង ធំគល់ តូចកណ្ដាល ហើយវែងប្រមាណប្រាំហត្ថ " ។ ទន្សាយឮដូច្នោះឆ្លើយឡើងថា " ឱបើដូច្នោះ បងដំរីកុំព្រួយចិត្ត ចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះ ប៉ុន្តែបងដំរីឯង ឲ្យខ្ញុំជិះលើក្បាលបងឯងទៅ" ។ ដំរីឮដូច្នោះហើយ ដើរចូលទៅឱនក្បាលឲ្យទន្សាយជិះលើក្បាល ទន្សាយធ្វើជាក្អេងក្អាង លុះទៅដល់ហើយ ចុះពីក្បាលដំរី យកស្លឹកឈើដែលមានស្នាមដង្កូវវារដូចជាអក្សរ កាន់លើកឡើងធ្វើជាសំបុត្រថា "អស់បងប្អូនស្ដាប់ខ្ញុំ ត្បិតខ្ញុំជាបម្រើព្រះឥន្ទ្រៗ លោកប្រើឲ្យនាំសំបុត្រមក " ហើយទន្សាយឡើងលើដំបូកធ្វើជាអានសំបុត្រថា "សត្វនេះ ព្រះឥន្ទ្រលោកប្រើមក ឈ្មោះសត្វយោគីយោគា យកទាំងអស់គ្នា យកទាំងអញ យកទាំងឯង " ។ អស់សត្វឮទន្សាយមើលសំបុត្រថា "ព្រះឥន្ទ្រឲ្យមកយកទាំងអស់គ្នា" ក៏ស្ទុះបោលជាន់គ្នាស្លាប់ បាក់ដៃបាក់ជើងពាសពេញ ស្រែកលាន់ទាំងព្រៃ ។ មនុស្ស២នាក់នោះ ដឹងថាសត្វទាំងនោះ ផ្អើលភ្ញាក់រត់ជាន់គ្នាស្លាប់ដូច្នោះ ក្រោកឡើងលើកដៃសំពះទន្សាយថា "បងទន្សាយ មានគុណនឹងយើងខ្លាំងណាស់ បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឲ្យយើងទេ នោះសមខ្លាវានឹងខាំយើងស៊ីជាចំណីវាទៅហើយ បងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបាន" ។
ឯមនុស្សទាំងពីរនាក់ មើលទៅឃើញអស់សត្វជាន់គ្នាស្លាប់ពេញព្រៃដូច្នោះ បបួលគ្នាអារយកសាច់រែកទាំងពីរនាក់ ដើរទៅបន្តិច ឃើញខ្លាសំគមមួយដំរីជាន់បាក់ជើង ដើរបានតិចៗ ក៏បបួលគ្នាយកខ្សែចងដឹងយកទៅ លុះដើរទៅបន្តិចជួបនឹងអ្នកបររទេះគោ ។ ឯអ្នកបររទេះគោនោះ ឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់រទេះសួរថា "អ្នកធ្វើដូចម្ដេច ក៏បានសាច់ច្រើនម្ល៉េះ? ។ អ្នកនោះបញ្ឆោតថា "ឆ្កែកំបាក់ជើងខ្ញុំនេះឯង វាដេញខាំ ត្បិតឆ្កែនេះ ជាឆ្កែប្រដេញ វាតែងតែដេញសត្វមក មិនដែលស្ងួតឆ្នាំងដល់មួយពេលទេ ក្រែងតែគ្មានសត្វ បើព្រៃឯណាមានសត្វហើយ មិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេ ឲ្យតែវាឃើញស្នាមជើងនោះ សង្ឃឹមថាបានឲ្យលាងឆ្នាំងចាំឲ្យហើយទៅ មុខជានឹងបានមិនដែលខានទេ" ។ ឯអ្នកបររទេះគោ ឮអ្នកនោះនិយាយអួតប្រាប់ដូច្នោះ ហេតុតែជាមនុស្សល្ងង់មិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំគមនោះគិតថា ជាឆ្កែមែនទែន ហើយនិយាយអង្វរលួងលោមថា "បើដូច្នោះអ្នកអាណិតខ្ញុំៗ សុំទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់ " ។ អ្នករែកសាច់ឆ្លើយថា " បើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅ ផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយ រកអ្វីស៊ីគ្មានទេ ប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដង បើមិននិយាយគ្នាក៏មិនបាន, ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេ បើអ្នកចង់ទិញ តើអ្នកឲ្យថ្លៃប៉ុន្មាន ? " ។ អ្នកបររទេះគោឆ្លើយថា " ខ្ញុំមានតែគោមួយនឹមនេះឯង ហើយគោនេះ ខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេ ត្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បាន ក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្ដង ទាំងល្បឿនទៀតក្នុងស្រុកអាយនេះ គ្មានគោណាលឿនស្មើទេ, តែឥឡូវនេះ ចិត្តខ្ញុំចង់បានឆ្កែអ្នកឯង យកទៅដេញសត្វឯស្រុកខ្ញុំៗ សុំដូរថ្នូរគោមួយនឹម ព្រមទាំងកណ្ដឹង ចង្ក្រង់ ត្រដោក ខ្សែទាម ខ្សែចន្ទោលគ្រប់ប្រដាប់ ស្រាប់តែឡើងជិះបរតែម្ដង, ខ្ញុំសុំតែខ្លួននិងប្រពន្ធចុះចេញ" ។ អ្នករែកសាច់ឮអ្នកបររទេះថា "ដូរជាគោមួយនឹងគ្រប់ប្រដាប់ ស្រាប់តែឡើងបរ" ក៏នឹកអរក្នុងចិត្តណាស់ ដោយសាររែកសាច់វាធ្ងន់ផង ហើយធ្វើជាមិនចង់ដូរទេ តែក្នុងចិត្តដូរណាស់ និយាយថា "ឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ណាស់, ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅ ខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះ, ប៉ុន្តែអ្នកថ្នមវាឲ្យល្អ កុំឲ្យវាអត់ឃ្លាន ហើយអ្នកយកសាច់នេះ ទុកឲ្យវាស៊ីតាមផ្លូវទៅ " ។ ឯអ្នករែកសាច់ ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែត ហើយយកសាច់ដាក់លើរទេះបរទៅ ។ អ្នកម្ចាស់រទេះគោនោះ ក៏ដឹកខ្លាសំគមកំបាក់ជើងទេ ទៅបន្តិចទៅ ឲ្យសាច់ទៅខ្លាស៊ីជារឿយៗ ។ ខ្លានោះបានសាច់ស៊ី មានកម្លាំង ក៏ក្រាញមិនចង់ទៅ ត្រាតែដាច់ខ្សែ ហើយដើរចូលក្នុងព្រៃទៅ, អ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយ ក៏រត់ទៅតាមចាប់ ហើយហៅថា "បឺសៗ ! អាក្លឹកមកឯអាយ" ។ ខ្លាឃើញមនុស្សទៅជិត បែរមកគំរាមធ្វើហ៊ែៗ ហ៊ៗ សន្ធាប់ឲ្យអ្នកនោះ ។ អ្នកនោះ ឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះ ក៏ថយមកក្រោយវិញ មិនហ៊ានតាមទៅទៀត ប៉ុន្តែនឹកស្ដាយ មើលទៅរទេះបរទៅបាត់ មិនដឹងជាទៅដល់ណា ។ អ្នកម្ចាស់ខ្លាបានរទេះគោនោះហើយ ក៏ម្នីម្នាដាក់អម្រែកលើរទេះ ឡើងជិះទាំងពីរនាក់ បរជាប្រញាប់ទៅ ឲ្យតែហួសពីមុខម្ចាស់រទេះនោះ ។ ឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយ នឹកស្ដាយណាស់ មិនដឹងគិតធ្វើដូចម្ដេច ក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ ។
យកហេះទៅដូរហោះ