ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/10
ព្រេងទាក់ទងនឹងទំនៀមស្លៀកពាក់ក្នុងពេលសំពះផ្ទឹមកូនប្រុសស្លៀកសំឡុយ ពាក់អាវផាយ កូនស្រីបួងសក់ពាក់ស្បៃ
កាលនោះ ព្រះនារាយណ៍រាមេសូរ ព្រះចៅក្រុងកម្ពុជា ទ្រង់សោយរាជ្យសម្បត្តិនៅបន្ទាយលង្វែក (ពុទ្ធសករាជ ១៩០០-១៩២០ កន្លងមកប្រាំរយប្លាយឆ្នាំហើយ) ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងក្រមុំម្នាក់ជាកូនរបស់ជ្វា ដែលនៅភូមិទួលអំពិល-ទួលថ្លោក នៅជាយខាងត្បូងភូមិពោធំតូច កំពង់ហ្លួងសព្វថ្ងៃនេះ ។ ជ្វាជាឪពុកនាងនោះ ក៏ព្រមថ្វាយមិនហ៊ានទទឹងទាស់ តែធ្វើសំណូមពរសុំឲ្យទ្រង់ចូលសាសន៍ ហើយរៀបការតាមច្បាប់ឲ្យស្របតាមប្រពៃណីចាម-ជ្វា ។
សម្ដេចព្រះនារាយណ៍រាម, ទ្រង់សព្វព្រះទ័យនឹងនាងម៉ាង៉ាសទេវីណាស់ នឹងទប់ទល់ព្រះទ័យពុំបាន ព្រោះនាងនៅប្រកបនូវរូបឆោមល្អ មានសម្បុរស្រស់បំព្រង ហើយជាត្រកូលអ្នកមានសម្បត្តិច្រើនផង ទ្រង់ក៏បណ្ដោយតាមអធ្យាស្រ័យ ព្រមចូលសាសន៍ ឲ្យតែបាននាងជាអគ្គមហេសី ។ ពួកចាម-ជ្វា ក៏និមន្តសង្ឃរាជសាសនាច្រើនអង្គនឹងគណនាពុំបាន ហើយធ្វើព្រះពន្លាជ័យខ្វាត់ខ្វែងនៅទីភូមិនោះ តាំងបួងសួងប្រាំពីរថ្ងៃ សូធ្យមន្តបញ្ចូលសាសនាចាម-ជ្វា រួចកាត់ចុងអង្គជាតិស្ដេច ដង្ហែយកទៅធ្វើឃ្លាំងដាក់ ។ វេលានោះ មានមន្ត្រីធំតូចចូលសាសន៍ជាមួយនឹងព្រះមហាក្សត្រជាច្រើន ដោយចង់បានកូនចាម-ជ្វាដែរ ។ ចាម-ជ្វា ក៏កាត់ចុងអវយវៈ យកស្បែកទៅដាក់ឃ្លាំងជាមួយស្ដេច ។ ភូមិនេះ ក៏ប្រែឈ្មោះហៅថា "ភូមិឃ្លាំងស្បែក" វិញ ជាប់ដល់សព្វថ្ងៃ1 ។
ដល់ពេលនឹងឡើងទៅសំពះការ ទ្រង់បានតាំងមហាតលិកម្នាក់ ឲ្យហៅថា "ចៅរាជកុលកុមារ" ឲ្យទៅសំពះជំនួសព្រះអង្គ តាមទំនៀមស្ដេច ដែលត្រូវរៀបការនឹងរាស្ត្រ តែពួកចាម-ជ្វាមិនព្រម ដោយយល់ថា "ព្រះមហាក្សត្រយកកូនយើងទៅតម្កើងធ្វើជាអគ្គមហេសី ម្ដេចក៏ឲ្យគេមកសំពះជួសព្រះអង្គទៅវិញ ? សូមទ្រង់យាងទៅគង់ទន្ទឹមនឹងកូនយើងផង តែយើងមិនអាចហ៊ានឲ្យទ្រង់ក្រាបសំពះទេ" ។ ស្ដេច ក៏ទ្រង់យល់ព្រម ។ តាមពួកចាម-ជ្វា ក៏យកព្រះពស្ត្រហួសយ៉ាងល្អ មានតម្លៃច្រើន មកតុបតែងព្រះអង្គ ឲ្យទ្រង់សម្លុយដូចសារុង ហើយថ្វាយអាវផាយដ៏មានប៉ាក់រំលេចដោយខ្សែសយមាស មានត្បូងភ្លឺរន្ទាលច្រាលឆ្អៅ ។ ឯនាងម៉ាង៉ាសទេវី បួងសក់ពាក់ស្បៃ ដណ្ដប់ផាហ៊ុមលឿងទុំ តាមរបៀបចាម-ជ្វា ។ មុននឹងចេញមកផ្ទឹមនឹងស្ដេច មានអ្នកចម្រៀងពីរនាក់ច្រៀងសុំកូនស្រី មានទំនុកទំនៀមចាម-ជ្វាមកដល់ឥឡូវនេះថា ៖
អនអើយស្រីអន
សុំបើកវាំងនន សុំអនមកផ្ទឹម បងបើកទ្វារឲ្យ
អនចេញសន្សឹម អនចេញមកផ្ទឹម ពីរនាក់នឹងបង
។ល។
ព្រះបាទសម្ដេចព្រះនារាយណ៍រាមា ទ្រង់សព្វព្រះទ័យនឹងរបៀបចាម-ជ្វារៀបមង្គលការដូច្នោះហើយ ទ្រង់ក៏អនុញ្ញាតឲ្យបណ្ដាជនធ្វើតាមលោក ទើបមានជាប់ជាទំនៀម ស្លៀកសម្លុយ ពាក់អាវផាយ ឲ្យកូនប្រុសឡើងផ្ទឹមនឹងកូនស្រី បួងសក់ ពាក់ស្បៃ ដល់សព្វថ្ងៃ ។