ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/11
ព្រេងទាក់ទងនឹងទំនៀមប្រើពពិលក្នុងមង្គលការ
អតីតនិទានថា កាលដែលប្រឹថពីរលាយដោយភ្លើងកល្បទៅហើយ ៗ កកើតឡើជាថ្មី មានឈ្មោះ "ព្រះឥស្វរ" មួយអង្គ ដែលអ្នកនគរយើងតែងហៅថា "ព្រះឥសូរ" (មិនដឹងជាហេតុដូចម្ដេច ក៏ហៅថា "ព្រះឥសូរ" វិញ ? ប្រហែលយកជើង "វ" ថាស្រះ "អូ" ក៏មិនដឹង ? ឬមួយមិនស្គាល់ឈ្មោះ ឃើញលោកពូកែផុតមនុស្ស ក៏នាំគ្នាសន្មតហៅថា "ព្រះឥសូរៗ" ដែលមានន័យថា "ជាកំពូលលើមនុស្ស" ដូច្នេះក៏មិនដឹង ?) ។
ឥឡូវនេះ យើងត្រូវហៅ "ព្រះឥសូរ" តាមអ្នកនគរសន្មតទៅចុះ ។ ព្រះឥសូរនេះ លោកជាស្ដេចធំនៅឋានកៃលាស ជាប់ជិតចង្កេះភ្នំហិមាល័យ, មនុស្សយើងទៅមិនដល់ទេ, ព្រះអគ្គទេពីលោក ព្រះនាមនាង "ឧមាភគវតី"1, តាមមាត់អ្នកស្រុកថា ជាស្ត្រីគ្រប់លក្ខណា2 ប្រសើរលើសទេវតា និងស្ត្រីទ្វីបទាំង ៤ 3 ។
ព្រះឥសូរនោះ មានឫទ្ធានុភាពនឹងប្រៀបផ្ទឹមពុំបាន ចេះចប់សព្វឈានលោកិយ និងសិល្បសាស្ត្រគ្រប់មុខ ។ ពពួកទេវតា ឥន្ទ ព្រហ្ម យក្ស គន្ធព នាគ វិជ្ជាធរ ស្ញប់ស្ញែងកោតខ្លាច ចូលមកគោរពសុំរៀនពីសម្នាក់លោកទាំងអស់, ពូកែនោះ សូម្បីតែអង្គជាតិរបស់លោក កាលណាមានតម្រេក ហើយកម្រើកស្រក់ធ្លាក់ចេញចាកទីមក ពុំមានភពណាអាចទទួលរងបានឡើយ, បើធ្លាក់ដល់ផែនដី នឹងឆេះផែនដី, បើធ្លាក់ដល់ទឹក នឹងកើតព្យុះខ្យល់បក់បោក ល្អិតខ្ទេចខ្ទីឈើលតាវល្លិ អន្តរាយមនុស្សម្នានឹងរាប់ពុំបាន, ឫទ្ធិនោះ សូម្បីតែមនុស្សស្លាប់បាត់ជីវិតទៅអស់កាលយូរ ដល់ទៅ ១០០ ឆ្នាំក៏ដោយ ឲ្យតែនៅសល់កម្ទេចឆ្អឹងបន្តិចបន្តួច ក៏នៅតែខ្លាចឫទ្ធិលោកដែរ, បើចង់ដឹងថា "ឈ្មោះណាម្នាក់ស្លាប់ទៅ ៗ កើតក្នុងទីណាៗ" យកតែឆ្អឹងឈ្មោះនោះបន្តិចមកថ្វាយលោក ៗ នោះសួរឆ្អឹង ៗ ប្រាប់លោកថា "ទៅកើតឋានសួគ៌-នរក ឬប្រេតតិរច្ឆានបានទាំងអស់, បានជាថា "ឆ្អឹងក៏នៅខ្លាចឫទ្ធិលោកដែរ" ។
ពួកយក្ស គន្ធព គ្រុឌ នាគ កិន្នរ មុននឹងផ្សំផ្គុំកូនចៅជាប្ដីប្រពន្ធនឹងគ្នា និយមទៅសុំពរពីព្រះឥសូរ និងនាងឧមាភគវតី មកធ្វើជាមង្គលប្រយោជន៍ឲ្យកូនចៅមកខាងក្រោយ បានទទួលចំណែករឹទ្ធិអំណាច អំពីព្រះឥសូរ ព្រោះព្រះអង្គជាតិព្រះអង្គ និងលក្ខណានាងនោះ ពូកែណាស់ ។
ក្រោយនោះយូរមក មានស្ដេចមនុស្សមួយអង្គ ឈ្មោះ "ព្រះជ័យសុរិយា" ជាខ្សែស្រឡាយអម្បូរព្រះភិរុទ្ធ នៅនគរកែវកេតជម្ពូ ។ ស្ដេចអង្គនេះ ដើរស្វែងរករៀនសិល្បសាស្ត្រក្នុងព្រៃហិមពាន្ត អស់រយៈពេលជាងមួយឆ្នាំ មិនចេះជួបប្រទះនឹងឥសី (ឫសី) ឬតាបសណាមួយសោះ ។
សម័យថ្ងៃមួយ ព្រះឥសូរ ទ្រង់អផ្សុក ហោះមកលេងឋានជម្ពូទ្វីប ឆៀងចុះទៅមើលព្រៃ និងដងភ្នំ ក៏ប្រទះឃើញកុមារម្នាក់ដេកលក់ក្រោមដើមឈើ, ព្រះឥសូរក៏ទ្រង់ព្រះតម្រិះថា " កុមារនេះ ជាកូនមនុស្ស, ហេតុអ្វី ក៏ដើរមកដេកក្នុងព្រៃស្មសានតែម្នាក់ឯងដូច្នេះ ? មើលទៅរូបរាងសាច់ឈាម និងសំលៀកបំពាក់ ដូចជាអម្បូរក្សត្រ ឬមួយក៏ព្រាត់នគរមក ? គួរអញដាស់សួរមើល !” លោកហៅឲ្យក្រោកឡើង សួររឿងរ៉ាវទៅ, កុមារក៏ទូលថា "ខ្ញុំព្រះអង្គ ឈ្មោះជ័យសុរិយា ជាតិមនុស្សលោក នៅនគរកែកេតជម្ពូ, ខ្ញុំព្រះអង្គ បានដើរស្វែងរករៀនសិល្បសាស្ត្រក្នុងព្រៃនេះជាងមួយឆ្នាំហើយ ពុំបានជួបនឹងឥសី ឬតាបសណាសោះ" ។ កាលបានឮដូច្នោះ លោកប្រាប់ថា "យើងជាព្រះឥសូរ នៅឋានកៃលាស, ឯងស្គាល់យើងទេ ? សិល្បសាស្ត្រយើងចេះដែរ បើចង់រៀន យើងបើកឲ្យរៀនបាន" ។ ព្រះជ័យសុរិយា ក្រាបសំពះទូលថា "ព្រះគុណម្ចាស់ថ្លៃអើយ ! ខ្ញុំព្រះអង្គឮតែឈ្មោះ មិនដែលឃើញព្រះអង្គសោះ ប៉ុន្តែទូលព្រះបង្គំជាខ្ញុំជាតិមនុស្ស មិនចេះហោះហើរ ទើបមានបំណងស្វែងរករៀនសិល្បសាស្ត្រត្រឹមតែក្នុងសម្នាក់ឥសី ឬតាបស" ។ ព្រះឥសូរថា "អើ យើងក៏ចង់ឲ្យមានកេរ្តិ៍ឈ្មោះខាងស្ថានមនុស្សលោកដែរ ឲ្យដឹងថ្វីដៃសិល្បឥសូរ ព្រោះយើងមិនទាន់បានបង្រៀនមនុស្សណាម្នាក់សោះ, ដូច្នេះ ចូរចៅរៀនក្នុងសម្នាក់យើងនេះចុះ !" ។
ព្រះជ័យសុរិយាថា "ទូលបង្គំ ចង់រៀនណាស់ហើយ តែមិនដឹងគិតដូចម្ដេចនឹងទៅរៀនបាន, បើព្រះគុណ គង់រហូតដល់ស្ថានកៃលាសឯនោះ" ។ ព្រះឥសូរថា " ឲ្យតែចៅព្រមទៅតាមយើងចុះ យើងនឹងឲ្យចៅទៅបានដូចប្រាថ្នា" ។ ព្រះជ័យសុរិយាឆ្លើយថា "ព្រះគុណអើយ ! បើដូច្នេះ រូបទូលបង្គំខ្ញុំព្រះអង្គនេះ ដូចបានកើតម្ដងទៀតហើយ" ។
ព្រះឥសូរបញ្ឆោតថា "ចៅហាមាត់ឡើង ! យើងសុំរាប់ធ្មេញមើលគ្រប់ ៣២ ឬទេ" ។ ព្រះជ័យសុរិយាហាមាត់ឡើង ព្រះឥសូរសេពវិជ្ជាស្ដោះទឹកមាត់ខ្វិចទៅក្នុងមាត់ ។ ព្រះជ័យសុរិយាភ្ញាក់លេបក្អឹក ចូលទៅក្នុងពោះកាលណា ក៏ព្រឺព្រួចគ្រប់រោម កើតមានកម្លាំងស្មើដំរីសារភ្លាមមួយរំពេច ចង់ហោះហើរដើរលើអាកាសបានដូចចិត្តបំណង ។ ព្រះឥសូរក៏នាំហោះទៅស្ថានកៃលាស, បង្ហាត់បង្រៀនសិល្បចេះសព្វគ្រប់ហើយ ព្រះជ័យសុរិយា ក៏លាត្រឡប់មកនគរវិញ សោយរាជសម្បត្តិ មានទាំងមហេសីប្រសើរស្មើនាងកញ្ញា ថ្ងៃមួយ ទ្រង់ពអគ្គទេពីនាំហោះទៅថ្វាយសម្ដេចព្រះគ្រូប្រសិទ្ធីពរជ័យឲ្យ លុះចប់កិច្ចហើយ ព្រះជ័យក៏ជម្រាបទូលថា ខ្ញុំព្រះអង្គ សុំពរជ័យមង្គលមួយ ទុកថាព្រះកេរ្តិ៍សម្រាប់ជម្ពូទ្វីប ដើម្បីយកទៅប្រសិទ្ធីពរ ក្នុងវេលារៀបអាពាហ៍ពិពាហ៍បង្គោលពួកជាតិមនុស្ស ឲ្យបានរុងរឿងដូចរៀបមង្គលការឯស្ថានកៃលាសផង ព្រោះកំណើតមនុស្សលោកកើតឡើងថយថោកណាស់ គ្មានរិទ្ធិអំណាចអ្វីទេ ។
ព្រះឥសូររំពឹងគិតសព្វគ្រប់ទៅ ឃើញថា នឹងឲ្យពរអ្វីក្រៅពីអង្គជាតិរបស់ខ្លួន និងយោនីអគ្គទេពីរបស់ខ្លួន មុខជាផ្សាយអំណាចពុំបានអង្វែងឡើយ, ឥឡូវ បើមិនឲ្យ, ធ្វើម្ដេចនឹងបានផ្សព្វផ្សាយកេរ្តិ៍ឈ្មោះលោកនៅឯឋានមនុស្ស ? បើទើបនឹងមានសិស្សជាស្ដេចមនុស្សលោកតែមួយនេះផង លោកក៏ហៅព្រះនាងឧមាភគវតី មកនិយាយសុំលក្ខណៈយោនីនាងធ្វើជាមង្គល ឲ្យទៅស្ថានមនុស្សលោក ឲ្យមានឫទ្ធិអំណាចដូចស្ថានកៃលាស ។ ព្រះនាងអគ្គមហេសី ក៏ព្រមថ្វាយថា "សុំឲ្យបានដូចសេចក្ដីប្រាថ្នាចុះ" ។ ព្រះឥសូរ ក៏ទ្រង់ហោះទៅយកខ្សាច់ពេជ្រពីចក្រវាល មកប្រសិទ្ធីធ្វើជាស្លឹកឈើមាស ជាតំណាងយោនីព្រះនាង ទៅយកថ្មពេជ្រពីភ្នំហិមាល័យ មកប្រសិទ្ធីធ្វើជាទៀនមាស តំណាងអង្គជាតិព្រះអង្គ ។ លុះលោកប្រសិទ្ធីរួចស្រេច លោកសន្មតឲ្យឈ្មោះថា "ពពិលរតន៍" គឺថា "ពរពីរនេះ ភ្លឺដូចប្រាថ្នា" ប៉ុន្តែ ហៅយារៗ មកថា "ពពិល" វិញ ។ រួចលោកហុចទៅឲ្យព្រះជ័យ ទាំងប្រាប់ថា "របស់នេះហើយ ជាមង្គលធំ ចូរអ្នកយកទៅទុកជាកេរ្តិ៍ឯស្ថានជម្ពូទ្វីបចុះ, បើត្រូវការរៀបផ្សំផ្គុំកូនចៅ ត្រូវយកទៀនមាស បិទនឹងស្លឹកពោធិ៍មាសនេះ យកភ្លើងអុជឲ្យឆេះ ហើយបង្វិល ៣ ជុំសាមីខ្លួន រួចលត់ទៅវិញ យកផ្លិតបក់ផ្សែងឲ្យចូលមាត់ច្រមុះសាមីខ្លួនទាំងប្រុសស្រី, ផ្សែងនោះ មានក្លិនក្រអូបដូចផ្កាមន្ទារបុស្បពីស្ថានសួគ៌នាយ ឲ្យតែដកដង្ហើមចូលផ្សែងដល់ទៅក្នុងខ្លួនកាលណា នឹងព្រួចព្រឺរោមា មានកម្លាំងដូចដំរីសារ ទាំងប្រុស-ស្រី នឹងកើតជាបុត្រឡើងមានបុណ្យអំណាចឫទ្ធានុភាពច្រើន" ។
ព្រះជ័យ ទទួលមង្គលពីព្រះរាជគ្រូរួចកាលណា លាទេពីហោះត្រឡប់មកនគរវិញ ។ ស្ដេចទ្រង់ផ្សាយដំណឹងនោះ ដល់នាម៉ឺនមុខមន្ត្រីសេនាទាហានក្នុងព្រះនគរ ឲ្យបានដឹងគ្រប់គ្នាទាំងអស់ថា "បើអ្នកណារៀបផ្សំផ្គុំកូនចៅឲ្យជាប្ដីប្រពន្ធ ត្រូវមកដង្ហែមង្គលនេះទៅអុជយកផ្សែងបក់ឲ្យស្រួបបន្តិចៗ គ្រប់គ្នា ដើម្បីឲ្យមានកម្លាំងពលំដូចដំរីសារ កើតជាបុត្រមកឆ្លាតវាងវៃ ថាបើប្រុសស្រីណា ដែលមានកម្លាំងហេវហោក ស្គមកំព្រឹងកំព្រយ យ៉ាងណាក៏ដោយ ឲ្យតែបានទៅអង្គុយជិតគេ នៅវេលាដែលគេរៀបមង្គលការ ហើយផ្សែងបក់មកត្រូវបន្តិចបន្តួច ក៏មានសាច់ឈាមល្អឡើង មានកម្លាំងដូចដំរីសារ ជាទៀងពិតប្រាកដណាស់ ។
យូរមក ប្រហែលជាជាង ១០០ ឆ្នាំ ទើបអស់ទៀនទៅ, ស្ដេចមន្ត្រី សេដ្ឋី និងបណ្ដាជន ក៏នាំគ្នារចនាធ្វើជាទៀនខ្លួនឯងជំនួស, ខ្លះមាន ក៏ធ្វើស្លឹកពោធិ៍ដោយមាស ខ្លះធ្វើដោយប្រាក់ សំរឹទ្ធ ទង់ដែង ស្ពាន់ ដែក ។ ឯទៀត គេយកក្រមួនលញ់ធ្វើដូចសព្វដង ហើយទឹបទឹកមាស រួចទើបសន្មតថា "ស្លឹកពោធិ៍ និងទៀននេះហើយ ជាតំណាងយោនីនាងឧមាភគវតី និងអង្គជាតិព្រះឥសូរ, សូមឲ្យមានឫទ្ធិអំណាច ដូចរបស់លោកដែលបាននិម្មិតប្រទាន !” ហើយយកទៅអុជបក់ផ្សែងឲ្យ ទៅវេលារៀបមង្គលការនោះទៅ ។
អាស្រ័យរឿងនេះ ទើបបានជាជាប់មានទំនៀមបង្វិលពពិល រហូតមកដល់ឥឡូវនេះ ។