ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/21


ព្រេង​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ-បណ្ដែត​ដូនតា




មាន​សេចក្ដី​ដំណាល​ថា មាន​ឈ្មួញ​សំពៅ ៥០០ ធ្វើ​ដំណើរ​ចេញ​ទៅ​ជួញ​តាម​សមុទ្រ ។ លុះ​ទៅ​ដល់​កោះ​មួយ​នោះ ជួន​ជា​ល្ងាច នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​នឹង​ស្ទើរ ទើប​នាំ​គ្នា​ចូល​ចត​សំពៅ​នៅ​ទី​នោះ ។ កោះ​នោះ ជា​កោះ​ដាច់​ស្រយាល ឥត​មាន​មនុស្ស​នៅ​ទេ ហើយ​ពេល​យប់ តែង​តែ​មាន​ពួក​ប្រេត​នាំ​គ្នា​ដើរ​មក​រក​ស៊ី ។ ពួក​ប្រេត​ទាំង​នោះ លុះ​ដើរ​ក្រវែល​រក​អាហារ ឃើញ​មនុស្ស​ដេក​ក្នុង​សំពៅ ក៏​ចាប់​មនុស្ស​កំពុង​ដេក​លក់ យក​ទៅ​ឲ្យ​ចៅហ្វាយ​វា​ខ្លះ គិត​នឹង​ហែក​ស៊ី​ខ្លះ ។ ពួក​មនុស្ស​ដេក​លក់​ដោយ​សារ​សំឡេង​ប្រេត​និយាយ​គ្នា ក៏​ភ្ញាក់​ឡើង ភ័យ​ស្លុត យំ​សោក​ទ្រហឹង ខំ​អង្វរ​ករ​ដូច​ម្ដេច ក៏​ពួក​វា​ពុំ​ព្រម ហើយ​គិត​តែ​ពី​ចាប់​នាំ​ទៅ​ប្រគល់​ឲ្យ​ចៅហ្វាយ​នាយ​វា ។

សម្រែក​យំសោក បណ្ដាល​ឲ្យ​ផ្អើល​អស់​មនុស្ស​ទាំង ៥០០ សំពៅ ។ ពេល​នោះ នាយ​សំពៅ​ម្នាក់ ជា​អ្នក​ឈ្លាស​វៃ នឹក​ឃើញ​ថា "បើ​ទោះ​ជា​ត្រូវ​ស្លាប់ ក៏​ត្រូវ​តែ​ហ៊ាន​ប្រថុយ​និយាយ​តវ៉ា​ឲ្យ​អស់​ចិត្ត​សិន មិន​ត្រូវ​ឲ្យ​គេ​ផ្ដាច់​ជីវិត​ទទេ​ៗ ឡើយ" គិត​ហើយ ក៏​តាំង​ស្មារតី​អង់​អាច និយាយ​ទៅ​កាន់​ស្ដេច​ប្រេត សូម​ឲ្យ​លែង​ពួក​ខ្លួន, តែ​ស្ដេច​ប្រេត​នោះ​ឆ្លើយ​ថា "យើង​នឹង​សែង​ពួក​ឯង​ទៅ​វិញ​មិន​បាន​ទេ ព្រោះ​ពួក​យើង​ស្រេក​ឃ្លាន​ណាស់ ................... យ៉ាង​នេះ​ម្ដង បើ​លែង​ពួក​អ្នក​ឯង​ទៅ មិន​ដឹង​កាល​ណា​នឹង​បាន​ទៀត​ទេ, ពួក​យើង​ខ្សត់​អាហារ​ណាស់ !” ។

នាយ​ឈ្មួញ​អង្វរ​ថា :

- សុំ​លោក​លែង​ពួក​យើង​ទាំង​អស់​វិញ​ចុះ យើង​សន្យា​ថា "នឹង​ទទួល​រក​អាហារ​ជូន​លោក រាល់​ឆ្នាំ លុះ​ត្រា​តែ​អស់​ជីវិត, បើ​លោក​ពិសា​យើង​ទៅ​នោះ លោក​បាន​ឆ្អែត​តែ​មួយ​គ្រា​ប៉ុណ្ណោះ, អំណឹះ​តទៅ លោក​នឹង​ត្រូវ​អត់​ឃ្លាន​ទៀត, បើ​ពួក​យើង​សន្យា​នឹង​លោក​យ៉ាង​នេះ តើ​លោក​យក​ផ្លូវ​ណា ? លោក​សុខ​ចិត្ត​ពិសា​រូប​យើង​ឲ្យ​បាន​តែ​មួយ​ចម្អែត ឬ​ក៏​សុខ​ចិត្ត​ទុក​ជីវិត​ពួក​យើង ដើម្បី​ឲ្យ​ទៅ​រក​អាហារ​ជូន​លោក​វិញ ? ។

ពួក​ប្រេត ឮ​សំណើ​នៃ​នាយ​ឈ្មួញ​ដូច្នេះ ក៏​គិត​គ្នា​មួយ​សន្ទុះ ទើប​ព្រម​ដោះ​លែង​ពួក​ឈ្មួញ ហើយ​ផ្ដាំ​ផ្ញើ​ថា "កាល​បើ​ពួក​អ្នក​បាន​ទៅ​ដល់​ស្រុក​ទេស​ខ្លួន​ហើយ កាល​ណា មាន​ខ្យល់​ជំនោរ​ធ្លាក់​មក​ពី​ទិស​ឯ​ជើង អ្នក​ទាំង​អស់​គ្នា ត្រូវ​ធ្វើ​ក្បួន​ផ្ទុក​ធញ្ញជាតិ និង​អាហារ​គ្រប់​យ៉ាង មាន​លាជ, សណ្ដែក, ល្ង, ដូង, អំបុក, ចេក ជាដើម បណ្ដែត​តាម​ខ្សែ​ទឹក​មក​ឲ្យ​យើង​ចុះ មិន​បាច់​នាំ​មក​ផ្ទាល់​ទេ, ជំនោរ​ខ្យល់ នឹង​បញ្ជូន​មក​ដល់​យើង​ហើយ" ។

ឮ​តែ​ប៉ុណ្ណេះ ពួក​អ្នក​សំពៅ អរ​រក​អ្វី​ប្រៀប​ពុំ​បាន ហើយ​ក៏​នាំ​គ្នា​ចុះ​សំពៅ​រចោក​រចល់​ខ្ញៀវខ្ញារ បើក​ចេញ​ផុត​ពី​នោះ​យ៉ាង​ប្រញាប់ ។ លុះ​ទៅ​ដល់​ភូមិ​ស្រុក ជួប​ជុំ​គ្រួសារ​ហើយ ត្រូវ​នឹង​ពេល​ជិត​ដល់​រដូវ​ភ្ជុំ ដែល​ទឹក​ឡើង​ជា​លំដាប់​ផង អ្នក​ដែល​បាន​សន្យា​នឹង​ប្រេត​ទាំង​នោះ ក៏​នាំ​គ្នា​ធ្វើ​នំ​នែក រក​ចេក​អំពៅ លាជ ស្រូវ អង្ករ ផ្លែ​ឈើ ដែល​មាន​ក្នុង​រដូវ​នោះ ធ្វើ​ពោង​ពាយ ហើយ​ដាក់​បណ្ដែត​បញ្ជូន​ទៅ​ឲ្យ​ប្រេត​តាម​ខ្សែ​ទឹក​រាល់​ៗ ឆ្នាំ ។ មនុស្ស​ជាន់​ដើម កាន់​ពាក្យ​សច្ចៈ​ល្អ​ណាស់ បើ​និយាយ​សន្យា​ថា​ដូច​ម្ដេច​ហើយ មិន​ហ៊ាន​បំពាន​ទេ ។

ចំណេរ​ត​មក អ្នក​ស្រុក ក៏​នាំ​គ្នា​ធ្វើ​ត​ៗ មក ទៅ​ជា​ទំនៀម​ទម្លាប់ ដោយ​យល់​ថា "”ធ្វើ​បុណ្យ​បណ្ដែត​ស្រូវ​អង្ករ​ទៅ​ឲ្យ​ដូនតា ដែល​ទៅ​កើត​ជា​ប្រេត ឋិត​នៅ​ឯ​ស្រុក​ទន្លេ​ស្ងួត កន្ទួត​មួយ​ដើម" នោះ​វិញ ។