ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/22

111852ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩ព្រេង​ទាក់ទង​នឹង​ទង់​ក្រពើ - ទង់​ព្រលឹង​នៅ​ពេល​មាន​បុគ្គល​ស្លាប់1895?


ព្រេង​ទាក់ទង​នឹង​ទង់​ក្រពើ - ទង់​ព្រលឹង​នៅ​ពេល​មាន​បុគ្គល​ស្លាប់



នៅ​គ្រប់​ស្រុក ក្នុង​ប្រទេស​កម្ពុជា គេ​តែង​និយាយ​ប្រើ​ទង់​ក្រពើ និង ទង់​ព្រលឹង នៅ​ពេល​មាន​បុគ្គល​ស្លាប់ គឺ​ថា កាល​ណា​អ្នក​ជំងឺ​មាន​កម្លាំង​តិច ជិត​នឹង​អស់​ខ្យល់​អស្សាសៈ​បស្សាសៈ​ហើយ អាចារ្យ​តែង​ឲ្យ​ហែក​សំពត់​ស ផាឌិប ឬ ទេស​ឯក ប្រវែង ៤ ហត្ថ បត់​ជា ២ យក​ឈើ ឬ​បន្ទះ​ឫស្សី ២ កំណាត់ ដាក់​ខ្វែង​គ្នា គឺ​មួយ​ជា​ដង មួយ​ជា​ឈើ​ឆ្កាង រួច​ស៊ក​ក្នុង​ផ្នត់​សំពត់ ហើយ​ចង​បង្រួម​ក្រសោប​ក្រោម សម្រាប់​កាន់ មាន​ឆ្នាំង​បាយ​ថ្មី​មួយ​ចង​បន្តោង​ភ្ជាប់​នឹង​ដង​ទង់​នោះ​ផង ហើយ​អាចារ្យ​សរសេរ​បាលី​នៅ​លើ​ផ្ទៃ​ទង់​នោះ​ថា ៖

អាទាយ វត ឥទំ អយំ តុស្សិតភវនំ អាគច្ឆន្តិ អសាមិកំ សុញ្ញំ គណ្ហាបិ

ហើយ​អាចារ្យ​លើក​ទង់​នោះ ទៅ​ដាក់​នៅ​ក្បាល​ដំណេក​បុគ្គល​ស្លាប់ រួច​ផ្ដាំ​បុគ្គល​នោះ​ថា ទង់​ព្រលឹង​នេះ ជា​សំបុត្រ​ដើរ​ផ្លូវ​របស់​អ្នក​ហើយ ចូរ​អ្នក​កាន់​ឲ្យ​ជាប់​ទៅ​ចុះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ថ្វាយ​បង្គំ​ព្រះ​ចូឡាមណី​ចេតិយ ក្រែង​គេ​ឆែក​ឆេរ​តាម​ផ្លូវ ព្រោះ​អ្នក​ត្រូវ​ទៅ​តែ​ម្នាក់​ឯង គ្មាន​អ្នក​ណា​នាំ​ផ្លូវ​ទេ ។ រួច​អាចារ្យ​ក៏​ដាក់​ឈ្មោះ​របស់​គេ​ក្នុង​នាម​បព្វជ្ជា ។

រឿង​ទង់​ព្រលឹង​នេះ មាន​ដំណាល​ដូច​តទៅ  :

មាន​កូន​ប្រុស​របស់​បុរស​ម្នាក់ បាន​លា​ឪពុក​ទៅ​រៀន​សិល្ប​សាស្ត្រ​ឯ​នគរ​តក្ក​សិលា ។ លុះ​រៀន​ចេះ​ចប់​កាល​ណា ក៏​លា​អាចារ្យ​ចេញ​ទៅ​រក​គ្រូ​ផ្សេង​រៀន​ថែម​ទៀត ។ លុះ​ដើរ​ទៅ​ៗ ក៏​ទៅ​ជួប​ព្រះ​បច្ចេកពុទ្ធ​មួយ​អង្គ ។ ឃើញ​លោក​ប្រព្រឹត្ត​ហ្មត់​ចត់​ល្អ​តាម​របៀប​សមណៈ​ស្ងប់​ស្ងៀម មាណព​នោះ មាន​ចិត្ត​ស្រឡាញ់ ជ្រះ​ថ្លា ក៏​ចូល​ទៅ​សុំ​រៀន​ក្នុង​សម្នាក់​ព្រះ​បច្ចេកពុទ្ធ​នោះ ។ លោក​ក៏​សុខ​ចិត្ត​ឲ្យ​រៀន តែ​លោក​ដាក់​លក្ខ​ខណ្ឌ​ថា ត្រូវ​ឲ្យ​បួស​ដូច​លោក​សិន ។ លុះ​មាណព​នោះ​បួស​រួច​ហើយ លោក​ក៏​បង្រៀន​ធម៌​កម្មដ្ឋាន ។ នៅ​រៀន​យូរ​ៗ ទៅ មាណព​នោះ​ក៏​បាន​សម្រេច​ពោធិញាណ ជា​ព្រះ​បច្ចេកពុទ្ធ​មួយ​អង្គ ដូច​ព្រះ​បច្ចេកពុទ្ធ​ជា​គ្រូ​នោះ​ដែរ ហើយ​ក៏​ចូល​បរិនិព្វាន​ទៅ ។ អ្នក​ស្រុក​អ្នក​ភូមិ ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​បូជា​សព ហើយ​កសាង​ចេតិយ​បញ្ចុះ​អដ្ឋិ​ព្រះ​បច្ចេកពុទ្ធ​អង្គ​នោះ ត្រង់​ផ្លូវ​បំបែក ។

បុរស​ជា​ឪពុក បាត់​កូន​យូរ​ពេក ក៏​ទៅ​តាម​ដល់​ស្រុក​នោះ ហើយ​សួរ​រក ។ អ្នក​ស្រុក​ក៏​បាន​ប្រាប់​តាម​ដំណើរ​រឿង​ថា កូន​របស់​អ្នក​ឯង បាន​សម្រេច​ជា​ព្រះ​បច្ចេកពុទ្ធ​មួយ​អង្គ ចូល​បរិនិព្វាន​បាត់​ទៅ​ហើយ ។ បុរស​នោះ​ក៏​យំ​សោក​អាល័យ​កូន ទៅ​ដង​ទឹក​មក​ស្រោច​ស្រព​ទ្រនាប់​ខ្សាច់ រួច​យក​ក្រមា​បង់​ក​ចង​ជា​ទង់ ដោត​ឧទ្ទិស​ថ្វាយ​នៅ​មុខ​ចេតិយ ហើយ​ថ្វាយ​បង្គំ​លា​វិល​ទៅ​ស្រុក​កំណើត​វិញ ។ បន្ទាប់​មក អ្នក​ស្រុក​ក៏​យក​តម្រាប់​តាម ។ លុះ​ចំណេរ​ចីរកាល​ត​មក​ទៀត ក៏​ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់ គឺ​ពេល​ដែល​ហែ​ខ្មោច អាចារ្យ​តែង​លី​ទង់​ព្រលឹង​ដើរ​មុខ រហូត​ដល់​ទី​ប៉ាឆា ទើប​យក​ទង់​នោះ​ទៅ​ដាក់​នៅ​ទិស​ឦសាន1 ជា​សញ្ញា​ឲ្យ​ខ្មោច​នោះ​ដឹង​ថា ខ្លួន​ត្រូវ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ឦសាន ដើម្បី​ទៅ​ថ្វាយ​បង្គំ​ព្រះ​ចូឡា​មណី​ចេតិយ ។

រឿង​ដំណាល​អំពី​ទង់​ក្រពើ :

មាន​ដំណាល​ថា កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ធរមាន​នៅ​ឡើយ មាន​សត្វ​ក្រពើ​ញី​ឈ្មោល​មួយ​គូ មាន​សេចក្ដី​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា ក៏​ចូល​ទៅ​សុំ​ព្រះ​ពុទ្ធ​អង្គ​បួស តែ​ព្រះ​ពុទ្ធ​អង្គ​ពុំ​ព្រម​អនុញ្ញាត ព្រោះ​ជា​សត្វ​តិរច្ឆាន ។ ក្រពើ​នោះ ក្រាប​ទូល​ព្រះ​អង្គ​ថា យើង​ខ្ញុំ​ព្រះ​អង្គ​ទាំង​ពីរ​រូប​នេះ ពុំ​មាន​និស្ស័យ​ក្នុង​សាសនា​ព្រះ​អង្គ​ទេ តែ​ដោយ​យើង​ខ្ញុំ​ទាំង​ពីរ​រូប​នេះ​ស្រឡាញ់​ប្ដូរ​ផ្ដាច់ នូវ​សាសនា​ព្រះ​អង្គ យើង​ខ្ញុំ​ព្រះ​អង្គ សូម​ធ្វើ​សំណូម​ពរ​ថា "បើ​ដល់​យើង​ខ្ញុំ​ស្លាប់​ទៅ សូម​ឲ្យ​គេ​មក​យក​ស្បែក​យើង​ខ្ញុំ​ទៅ​ដោត​ជា​ទង់​ថ្វាយ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ទុក​ជា​សក្ការ​បូជា កុំ​បី​អាក់​ខាន​ឡើយ" ។ ព្រះ​ពុទ្ធ​អង្គ ទ្រង់​ទទួល​សំណូម​ពរ​នោះ ដោយ​ព្រះ​មេត្តា ។ លុះ​ក្រពើ​នោះ​ស្លាប់​ទៅ គេ​ក៏​យក​ស្បែក​ទៅ​ដោត​ថ្វាយ​តាម​បណ្ដាំ​មែន ។

លុះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ស្បែក​ក្រពើ​នោះ ក៏​ពុក​រលួយ​អស់​ទៅ គេ​ក៏​នាំ​គ្នា​យក​ក្រណាត់​ស​ឬ​ក្រដាស មក​រចនា​ធ្វើ​ជា​រាង​ស្បែក​ក្រពើ ដើម្បី​ប្រើ​ជា​តំណាង​តទៅ​ទៀត ។ ដូច​យើង​តែង​ឃើញ​គេ​ដោត​ទង់​ក្រពើ​នៅ​គ្រប់​កន្លែង​អាសនៈ​ព្រះ​ពុទ្ធ​រូប​ស្រាប់2 ។

សមាជិក​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ម្នាក់​ទៀត3 បាន​ឲ្យ​ការ​ថា

មាន​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ ព្រះ​នាម​ព្រះ​បាទ​ធម្មាសោករាជ ទ្រង់​មាន​ព្រះ​ទ័យ​ជ្រះ​ថ្លា បាន​កសាង​ព្រះ​ចេតិយ ដើម្បី​បញ្ចុះ​ព្រះ​សារីរិក​ធាតុ នៃ​ព្រះ​សម្មា​សម្ពុទ្ធ ។ កាល​ណោះ ទេវ​បុត្ត​មារ មាន​ទិដ្ឋិ​មានះ​ចង់​តាម​បំផ្លាញ​ព្រះ​អង្គ ក៏​ទៅ​បំផ្លាញ​ព្រះ​ចេតិយ​ដោយ​ឫទ្ធានុភាព​អង់​អាច ។ លុះ​ឃើញ​ការ​មិន​គួរ​ដូច្នោះ ព្រះ​បាទ​ធម្មាសោករាជ ក៏​ទៅ​ទូល​ព្រះ​ឧបគតត្ថេរ ដែល​ជា​ព្រះ​អរហន្ត​ដ៏​វិសេស​មួយ​អង្គ ដើម្បី​ឲ្យ​ទៅ​បង្ក្រាប​មារ​ដែល​កំពុង​បំផ្លាញ​ព្រះ​ចេតិយ​នោះ ។ ប៉ុន្តែ មារ​កំណាច មិន​ស្ដាប់ ព្រម​ទាំង​រក​រឿង​ប្រឈ្លោះ​តប​នឹង​ព្រះ​ឧបគត​វិញ​ថា "កាល​ពី​មុន យើង​ខ្លាច​តែ​សមណគោតម​មួយ​ប៉ុណ្ណោះ ព្រោះ​លោក​មាន​ឫទ្ធិ, ឥឡូវ ឥត​អំពី​សមណ​គោតម​ហើយ យើង​គ្មាន​ត្រូវ​ការ​គោរព​កោត​ខ្លាច​អ្នក​ណា​ទៀត​ទេ" ។ កាល​បើ​ទូន្មាន​យ៉ាង​ណា ក៏​ក្រុង​មារ​នៅ​តែ​មិន​ព្រម​ស្ដាប់, ទើប​ព្រះ​ឧបគត​យល់​ថា "ឃាត់​ដោយ​ពាក្យ​ល្អ គេ​មិន​ស្ដាប់​ទេ" ដូច្នោះ ក៏​សម្ដែង​ឫទ្ធិ​ចង​រូប​មារ​នឹង​វត្ថពន្ធ​ជាប់ ឲ្យ​តឹង​ស្ទើរ​ដាច់​ខ្យល់​ស្លាប់ ។

ក្រុង​មារ ក្ដៅ​ចិត្ត​ណាស់ ប្រឹង​ស្ទុះ​ហោះ​ទាំង​ចំណង​ទៅ​រក​ព្រះ​ឥន្ទ្រ​ឲ្យ​ជួយ​ស្រាយ ។​ព្រះ​ឥន្ទ្រ​ប្រកែក​ថា តើ​យើង​ឯ​ណា​នឹង​អាច​ស្រាយ​ចំណង​ព្រះ​ឧបគ​ត​នោះ​បាន ។ ក្រុង​មារ​ក្ដៅ​ចិត្ត​ណាស់ ដៀលត្មះ​ព្រះ​ឥន្ទ្រ​ដោយ​ពាក្យ​ទ្រគោះ​បោះ​បោក​ផ្សេង​ៗ រួច​ស្ទុះ​ហោះ​ទៅ​រក​ព្រះ​ព្រហ្ម​ឲ្យ​ជួយ​ស្រាយ​ទៀត ។ ព្រះ​ព្រហ្ម​យល់​ហេតុ​ការណ៍ ក៏​ឆ្លើយ​តប​ថា ក្រុង​មារ​អើយ ! ព្រះ​ឧបគត​នោះ មាន​ឫទ្ធិ​អំណាច​ខ្លាំង​ណាស់ បើ​លោក​ចង​ហើយ គ្មាន​អ្នក​ណា​ឡើយ​នឹង​ស្រាយ​បាន​ទេ, ចូរ​មារ​ឯង​ត្រឡប់​ទៅ​ក្រាប​អភិវាទ​ព្រះ​ឧបគត​វិញ​ទៅ ទើប​ដោះ​រួច​អំពី​ចំណង​វិញ​បាន ពុំ​នោះ​សោត​ទេ អ្នក​នឹង​ត្រូវ​ស្លាប់​អសារ​បង់ ។ ទើប​មារ​សុខ​ចិត្ត​ត្រឡប់​ទៅ​សុំ​អង្វរ​ឲ្យ​ព្រះ​ឧបគត​ត្ថេរ​ស្រាយ​ឲ្យ ។ វត្ថពន្ធ​ដែល​ជាប់​នៅ​នឹង​ក​ដៃ​មា​នោះ បាន​ក្លាយ​ទៅ​ជា​គំរង់​ស្បែក​ឆ្កែ ស្អុយ​ក្រៃ​លែង​ស្អុយ កម្រ​នឹង​រក​អ្វី​ប្រៀប​បាន​ទៅ​ហើយ ។ មុន​នឹង​ស្រាយ​ចំណង​គំរង់​នោះ ព្រះ​ឧបគត​ត្ថេរ យក​ខ្សែ​ទាក់​ក​មារ​អូស​បណ្ដើរ ឲ្យ​ស្រែក​អាក្រោស​តាម​ផ្សារ ឲ្យ​សច្ចា​ថា "រាង​ចាល លែង​មក​រាតត្បាត​បំផ្លាញ​ចេតិយ​ព្រះ​សារីរិក​ធាតុ ឬ ព្រះ​អរហន្ត​ធាតុ​ណា​ទៀត​ហើយ" ។ លុះ​ក្រុង​មារ​ប្ដេជ្ញា​ថា "រាង​ចាល​ហើយ" ទើប​ព្រះ​ឧបគត​ត្ថេរ​ស្រាយ​ចំណង​ឲ្យ​វិល​ទៅ​ស្រុក​ភូមិ​វិញ រួច​លោក​ប្រាប់​ក្រុង​មារ​ថា "ដរាប​ណា ឯង​ឃើញ​ទង់​ស​នេះ​នៅ​ឡើយ, ដរាប​នោះ អង្គ​អាត្មា​អញ​រស់​នៅ​ឡើយ​ដែរ ឯង​មិន​ត្រូវ​ចូល​មក​យាយី​ដល់​អ្នក​ភូមិ​អ្នក​ស្រុក​ឡើយ ។ លុះ​ក្រោយ​ៗ មក អ្នក​ស្រុក​ក៏​នាំ​គ្នា​ធ្វើ​ទង់​ស​មួយ​តូច​ចង​នៅ​មុខ​ផ្ទះ កាល​ណា​មាន​បុគ្គល​ស្លាប់ ដើម្បី​ចៀស​វាង​អន្តរាយ​គ្រប់​បែប​យ៉ាង​អំពី​សម្នាក់​នៃ​មារ​នេះ​ឯង4 ។

សមាជិក​របស់​ក្រុម​ទំនៀម​ទម្លាប់​ម្នាក់ បាន​ឲ្យ​និទាន​មួយ​ទៀត ក្នុង​រឿង​ទាក់​ទង​នឹង​ទង់​ក្រពើ​នេះ​ដែរ5 ថា ៖

មាន​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ ត្រូវ​ក្រពើ​លេប​ហើយ​សុគត​ទៅ ។ ព្រះ​បិតា មិន​អស់​ព្រះ​ហឫទ័យ​នឹង​ព្រះ​រាជ​បុត្រី​ក្ស័យ ក៏​បង្គាប់​ឲ្យ​តម្កល់​សព​នោះ ទុក​ធ្វើ​បុណ្យ​ជា​យូរ​ថ្ងៃ ដើម្បី​ចាំ​ប៉ាវ​គង-ប៉ាវ​ឃ្មោះ​រក​អ្នក​ចេះ​ប្រស់ ហើយ​ទ្រង់​បញ្ជា​ឲ្យ​អាមាត្យ​វះ​ស្បែក​ក្រពើ​ទៅ​ចង​នៅ​មុខ​ព្រះ​រាជ​វាំង ជា​សញ្ញា​ឲ្យ​គេ​ដឹង​ថា "ព្រះ​រាជ​បុត្រី​ព្រះ​អង្គ ត្រូវ​សុគត​ដោយ​ក្រពើ​លេប" (ដូច​ជំនាន់​ដើម​ដែល​គេ​ដោត​វែក​នៅ​ផ្នូរ​អ្នក​ដែល​ស្លាប់​ដោយ​ពស់​វែក​ចឹក​ដែរ) ។

អ្នក​ស្រុក ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រចនា​ក្រណាត់​ជា​រាង​ស្បែក​ក្រពើ ហើយ​ដោត​នៅ​ផ្ទះ​ដែល​មាន​បុគ្គល​ស្លាប់ ជាប់​ជា​ទម្លាប់​រហូត​មក ។