ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/29


ព្រេង​ទាក់ទង​នឹង​ប្រវត្តិ​របស់​រាហូ




  • ១- រូប​រាហូ គេ​តែង​គូរ​នៅ​ហោជាង​ប្រាសាទ ឬ​បើ​នៅ​ទី​វត្ត គេ​គូរ​នៅ​ហោជាង​ព្រះ​វិហារ ប្រយោជន៍​ដោយ​ដឹង​ថា "ជា​អ្នក​មាន​ឫទ្ធិ" ។
  • ២- នៅ​ខ្លោង​ទ្វារ​ប្រាសាទ ឬ​វត្ត​អារាម ក៏​គេ​មាន​គូរ​ដែរ ។
  • ៣- រូប​រាហូ គេ​ច្រើន​គូរ​តែ​ត្រឹម​ក្លៀក​ឡើង​លើ ឲ្យ​ឃើញ​ច្បាស់​តែ​ដៃ ក និង​ក្បាល ធ្វើ​មុខ​ឲ្យ​ទូលាយ​ធំ មាំ បញ្ចេញ​ធ្មេញ​ស្ញាញ ថែម​ទាំង​លាប​ពណ៌​ខៀវ ដើម្បី​ឲ្យ​សម្បើម​ដល់​អ្នក​មើល​គ្រប់​ៗ គ្នា ។
  • ៤- គេ​គូរ​រូប​រាហូ នៅ​ក្នុង​ផ្ទះ ឬ ព្រះ​រាជ​វាំង ប្រយោជន៍​ឲ្យ​ដឹង​ថា​ជា "អ្នក​ខ្លាំង​ពូកែ, អ្នក​ធំ" ។
  • ៥- បើ​គេ​មិន​ហៅ​ថា "រាហូ" គេ​ហៅ​ត្រឹម​តែ "រាហុ៍" ដូច​ពាក្យ​ថា "រាហុ៍​ចាប់​ចន្ទ" ដូច្នេះ​ក៏​បាន, ជួន​កាល គេ​ហៅ​ថា "អសុរិន្ទ”, តែ​ពាក្យ​ខ្មែរ ច្រើន​ហៅថា "រាហូ អសុរិន្ទ" ជាប់​គ្នា ។
  • ៦- បាន​ជា​គេ​ធ្វើ​រូប​រាហូ​តែ​មួយ​កំណាត់​នោះ ព្រោះ​មាន​ប្រវត្តិ​ដូច្នេះ

ប្រវត្តិ​របស់​រាហូ

edit

រាហូ​អសុរិន្ទ ជា​សេនាបតី​មួយ​របស់​ព្រះ​បាទ​វេបចិត្តិ ដែល​សោយរាជ្យ​សម្បត្តិ​នៅ​ក្នុង​នគរ​ចិត្រាសូរ ក្រោម​បាទ​ភ្នំ​ព្រះ​សុមេរុ ។ តំណាល​ថា រាហូ​នេះ​ធំ​ក្រៃ​លែង​ធំ​លើស​ពួក​អសុរ​ទាំង​ឡាយ​នៅ​ក្នុង​ទីនោះ គ្រាន់​តែ​កម្ពស់ ៤.៥០០ យោជន៍ ទទឹង​ខ្លួន​ពី​ស្មា​ម្ខាង​ទៅ​ស្មា​ម្ខាង ១.៦០០ យោជន៍ ចន្លោះ​ដើម​ដៃ​ប្រវែង ១.២០០ យោជន៍ ថ្នាំង​ម្រាម​ដៃ​ម្រាម​ជើង​មួយ​ៗ ៥០ យោជន៍ រង្វះ​មាត់ ២០០ យោជន៍ បាត​ដៃ​បាត​ជើង​ទំហំ ៣០០ យោជន៍ ជម្រៅ​មាត់ ៣០០ យោជន៍ រន្ធ​ច្រមុះ ២០០ យោជន៍ ក​ប្រវែង ៣០០ យោជន៍ ថ្ងាស​ប្រវែង ៣០០ យោជន៍ ភ្នែក ៥០ យោជន៍ ក្បាល​ទំហំ ៩០០ យោជន៍ ទំហំ​ធ្មេញ​មួយ​ៗ ៥០ យោជន៍ រោម​អវយវៈ​ទាំង​មូល ៥០ ក្រចក​ដៃ​ក្រចក​ជើង​មួយ​ៗ ប្រវែង ៥០ យោជន៍ ។

ឯ​ប្រពន្ធ​របស់​គាត់ មាន​ចំនួន​មួយ​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​ស្ត្រី​ប្រកប​ដោយ​រូប​ឆោម​ល្អ​ឆើត​ឆាយ មាន​រូប​រាង​ទំហំ និង​កម្ពស់​ប្រហែល​នឹង​គាត់​ដែរ ។ ថ្ងៃ​មួយ រាហូ​អសុរិន្ទ ហៅ​ពពួក​ស្រី​ស្នំ មក​ជួប​ជុំ ហើយ​តាំង​ក្អេង​ក្អាង​អួត​ឫទ្ធានុភាព​ខ្លាំង​ពូកែ​របស់​ខ្លួន​ប្រាប់​ពួក​ស្រី​ស្នំ សម​គាត់​ជា​អ្នក​អួត​ស៊ី​ជោរ​ផង) រួច​សួរ​ទៅ​ពួក​ស្រី​ស្នំ​ថា "ក្នុង​លោក​ទាំង​មូល មើល​ទៅ តើ​មាន​អ្នក​ណា​ធំ​ស្មើ​អញ ដែរ​ឬ​ទេ ? មាន​មុខ​មាត់​សម្បើម​ដូច​អញ​ទេ ?” ។ គាត់​សួរ​ពី​ស្រី​ទី ១ ទៅ​ដល់​ស្រី​ទី​បំផុត ទាំង​មួយ​ម៉ឺន​នាក់" ។ ស្រី​ពៅ​គេ​បង្អស់​ឆ្លើយ​តប​ថា "លោក​ម្ចាស់ ធំ​ប៉ុណ្ណឹង មិន​មែន​អស្ចារ្យ​ស្មើ​នឹង​ព្រះ​សមណ​គោតម​ទេ, ឯ​ព្រះ​សមណ​គោតម ដែល​ខ្ញុំ​ធ្លាប់​ប្រទះ ធ្លាប់​ឃើញ​ច្រើន​ដង​នោះ ធំ​អស្ចារ្យ​ផុត​គេ​ក្នុង​លោក, សមណ​គោតម ធំ​ក្រៃ​លែង​ធំ ខ្ពស់​ក្រៃ​លែង​ខ្ពស់ ល្អ​ក្រៃ​លែង​ល្អ មាន​ឫទ្ធានុភាព​លើស​គេ ក្នុង​លោក​នឹង​រក​ប្រុស​ឯ​ណា​មក​ប្រៀប​ឲ្យ​ស្មើ​គ្មាន​ឡើយ" ។

រាហូ ឮ​ស្រី​ស្នំ​អួត​សរសើរ​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ដូច្នោះ គាត់​ជា​មនុស្ស​អំនួត​ស្រាប់​ផង ក៏​លាន់​មាត់​ថា "យី​អើ ! សមណ​គោតម​នោះ កុំ​ថា​ឡើយ​ដល់​ទៅ​រូប​ធំ សូម្បី​តែ​កុដិ​ឬ​ខ្លោង​ទ្វារ​វិហារ​របស់​គាត់​នៅ ក៏​អញ​ចូល​ទៅ​មិន​ទាំង​ចុះ​ខ្លួន​ផង ម៉េច​ក៏​ឯង​ថា​អញ​ធំ​ខ្ពស់​មិន​ស្មើ​នឹង​ព្រះ​សមណ​គោតម ? បើ​ដូច្នោះ អញ​ទៅ​វាស់​កម្ពស់​គាត់​មើល, តើ​ធំ​ប៉ុន្មាន​ទៅ !” ។

ឯ​ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​ឈ្វេង​យល់​ដោយ​ញាណ​ព្រះ​អង្គ​ថា "ពេល​នេះ រាហូ​អសុរិន្ទ​តាំង​ខ្លួន​ឯង​ជា​ធំ​លើស​ព្រះ​អង្គ មាន​បំណង​ចូល​មក​ផ្ទឹម​វាស់​នឹង​ព្រះ​អង្គ ទ្រង់​ក៏​ពង្រីក​ខ្លោង​ទ្វារ​វិហារ​វត្ត​ជេតពន ឲ្យ​ធំ​ហួស​វិស័យ​របស់​រាហូ ប្រៀប​ដូច​មនុស្ស​យើង​ចូល​ក្នុង​វិហារ​ធម្មតា ។ លុះ​រាហូ​ចូល​ទៅ លប​មើល​ព្រះ​អង្គ​កំពុង​សិង គាត់​ងើប​មើល​ព្រះ​សម្ពុទ្ធ​បី​ដូច​ជា​ងើប​មើល​អាកាស ។ ប៉ុណ្ណឹង​ហើយ រាហូ​នៅ​តែ​ប្រកាន់​អស្មិ​មានះ​ថា ព្រះ​អង្គ​នៅ​តែ​មិន​ធំ​ជាង​គាត់​ទេ ។ ថ្ងៃ​មួយ ព្រះ​អង្គ​ស្ដេច​យាង​ទៅ​បិណ្ឌ​បាត គាត់​ក៏​លប​ចូល​ទៅ​ឈរ​ពី​ខាង​ក្រោយ​ព្រះ​អង្គ ចម្ងាយ ៥០ យោជន៍ ផ្ទឹម​មើល នៅ​តែ​មិន​ខ្ពស់​ស្មើ​នឹង​ព្រះ​អង្គ​ទៀត ឃើញ​ទាប​ជាង​ឆ្ងាយ​ពេក ក៏​យក​ឫស្សី​មួយ​ដើម​យ៉ាង​វែង ប្រវែង ៥០ យោជន៍ ទៅ​វាស់​ពី​ខាង​ក្រោយ នៅ​តែ​មិន​ស្មើ​ទៀត, គាត់​ព្យាយាម​ត​ឫស្សី​តាំង​ពី ១ ដើម ដល់​មួយ​ពាន់​ដើម អស់​ពេល​មួយ​ព្រឹក ហត់​បែក​ញើស​ហូរ​ជា​ទឹក ក៏​នៅ​តែ​មិន​ស្មើ​នឹង​កម្ពស់​ព្រះ​អង្គ ។

សម័យ​ថ្ងៃ​មួយ គាត់​ចង់​ឃើញ​ព្រះ​អង្គ​ចំ​ព្រះ​ភក្ត្រ​ឲ្យ​បាន​ជិត ដើម្បី​ធៀប​មើល​កម្ពស់​ឲ្យ​អស់​ចិត្ត ក៏​និម្មិត​ខ្លួន​ជា​ឈ្លើង​ព្រ័ត្រ​នៅ​ក្នុង​ទឹក​ស្រះ ចាំ​លប​មើល​ព្រះ​អង្គ​ឲ្យ​ច្បាស់ ស្រាប់​តែ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ហៅថា "នែ​រាហូ ! អ្នក​មក​នៅ​ក្នុង​ទឹក​ស្រះ​ធ្វើ​ជា​ឈ្លើង​ចាំ​មើល​តថាគត​ធ្វើ​អ្វី ? ឡើង​មក ! តថាគត​ប្រាប់​អ្នក​ឲ្យ​ដឹង ! តថាគត​ធំ​អ្វី​ប៉ុណ្ណេះ ពួក​ព្រហ្ម​នៅ​ឯ​ឋាន​ព្រហ្ម​ធំ​ជាង​តថាគត​ទៅ​ទៀត ។ រាហូ​នឹក​ក្នុង​ចិត្ត​ថា "សមណ​គោតម​នេះ ធំ​ជាង​អញ​ទៅ​ហើយ ឥឡូវ នៅ​មាន​ព្រហ្ម​ឯ​ណា​ធំ​ដែរ" ក៏​នឹក​អៀន​ខ្មាស​ស្រី​ស្នំ​របស់​ខ្លួន លែង​វិល​ទៅ​ទី​កន្លែង​វិញ ទើប​សូម​តាម​ព្រះ​អង្គ​ទៅ​មើល​ព្រហ្ម​ទៀត ។ ព្រះ​សម្ពុទ្ធ ក៏​ឲ្យ​រាហូ​តោង​ជាយ​ចីពរ​ហោះ​ទៅ​បិណ្ឌ​បាត​ឯ​ឋាន​ព្រហ្ម ។ ព្រហ្ម លុះ​ឃើញ​រាហូ​តោង​នៅ​នឹង​ជាយ​ចីពរ​ដូច្នោះ ក៏​ទូល​ព្រះ​អង្គ​ថា "ចៃ​នៅ​នឹង​ជាយ​ចីពរ​ព្រះ​អង្គ" ។ រាហូ​រឹង​រឹត​តែ​ខ្មាស​ព្រហ្ម​ទៅ​ទៀត ដោយ​គំនិត​ថា "អញ​ធំ​សម្បើម​ដែរ, ឥឡូវ​ព្រហ្ម​ថា ឯង​តូច​ដូច​ចៃ !” ទ្រាំ​នៅ​ពុំ​បាន ក៏​លា​ព្រះ​អង្គ ចុះ​មក​ទី​កន្លែង​របស់​ខ្លួន​វិញ ។ ព្រះ​អង្គ​បាន​ផ្ដាំ​រាហូ​ថា "អ្នក​ចុះ​ទៅ​វិញ កុំ​ឈប់​នៅ​ពាក់​កណ្ដាល​ផ្លូវ, បើ​ស្រេក​ទឹក កុំ​ឈប់​ផឹក​ទឹក​ឡើយ" ។ រាហូ​មក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ស្រះ​មាន​ទឹក​ថ្លា មាន​ផ្កា​ឈូក​ក្រអូប​ល្វេង​ល្វើយ ភ្លេច​ពាក្យ​បណ្ដាំ​របស់​ព្រះ​ពុទ្ធ​អង្គ ក៏​ចុះ​ទៅ​ត្រាំ​ក្នុង​ទឹក​នោះ​ត្រឹម​ក្លៀក ស្រាប់​តែ​ដាច់​មួយ​កំណាត់​ខ្លួន ធ្លាក់​បាត់​ទៅ ។

រឿង​ដើម​កំណើត នៃ​រាហូ ព្រះ​អាទិត្យ និង ព្រះ​ចន្ទ

edit

ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​វេស្សភូ មាន​គហបតី​ប្ដី​ប្រពន្ធ នៅ​ក្នុង​នគរ​ហង្សាបតី ជា​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​ទាន​ដាក់​បាត​ដល់​ព្រះ​ពុទ្ធ​អង្គ​នោះ​រៀង​រាល់​ថ្ងៃ ។ គាត់​មាន​កូន​ប្រុស ៣ នាក់ កូន​ប្រុស​បង​ឈ្មោះ វត្តិកុមារ, កូន​កណ្ដាល​ឈ្មោះ ថុលកុមារ, កូន​ពៅ​ឈ្មោះ ទីឃាវុត្ត​កុមារ ។ លុះ​មាតា​បិតា​ធ្វើ​មរណ​កាល​ទៅ មាន​កាល​មួយ​ថ្ងៃ បង​ប្អូន​ទាំង ៣ នាក់​មក​ប្រជុំ​គិត​គ្នា​ថា "យើង​នឹង​គិត​ដណ្ដាំ​បាយ​ដាក់​បាត​ព្រះ​សម្មា​សម្ពុទ្ធ រក្សា​វង្ស​ត្រកូល​មាតា​បិតា​យើង​ទុក" ។ ប្អូន​ទាំង​ពីរ​នាក់​ឆ្លើយ​តប​ថា "បង​ឯង​ត្រូវ​ជា​អ្នក​កាន់​វែក​ចាំ​ដួស​បាយ​ចុះ, ប្អូន​កណ្ដាល ត្រូវ​លាង​ឆ្នាំង​ច្រក​អង្គរ លាង​យក​ទៅ​ដាក់​ដណ្ដាំ, ឯ​ប្អូន​ពៅ ត្រូវ​ជា​អ្នក​ដុត​ភ្លើង" ។ បង​ប្អូន​ទាំង​បី​នាក់​នោះ ចែក​មុខ​ក្រសួង​គ្នា​តែ​រៀង​ៗ ខ្លួន ។ ប្អូន​ពៅ ខំ​ដុត​ភ្លើង​ឲ្យ​ឆេះ​ឡើង​ខ្លាំង​ណាស់, ឆ្នាំង​បាយ​នោះ ក៏​ពុះ​ឡើង​សន្ធោ​សន្ធៅ​មហិមា, ឯ​កូន​ច្បង​នោះ ស្ទុះ​ទៅ​កាន់​វែក​មក​កូរ​បាយ, លុះ​កូរ​បាយ​ទៅ ត្រូវ​វេទនា​នឹង​ផ្សែង​ចូល​ភ្នែក ក៏​យក​វែក​បាយ​វាស​ក្បាល​ប្អូន​ពៅ ហើយ​ជេរ​ថា "អា​ឯង​ដូចម្ដេច​ក៏​ដុត​ភ្លើង​មិន​ឲ្យ​ឆេះ​ឡើង !" ។ ប្អូន​ពៅ ខឹង​នឹង​បង ក៏​តប​ថា "បង​ឯង មិន​ចេះ​រិះ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​សោះ ហ៊ាន​យក​វែក​វាយ​ក្បាល​អញ ដូចជា​អញ​នោះ​ខ្ញុំ​កំដរ នៅ​ស៊ី​ឈ្នួល​វា" ថា​ហើយ ក៏​បួង​ដៃ​ដាល់​ទៅ​បង​វិញ ប្រវាយ​ប្រតប់​ឈ្លោះ​គ្នា ។ ប្អូន​ពៅ​មាន​កម្លាំង ក៏​ស្ទុះ​ទៅ​យក​អង្រែ​មក​វាយ​សំពង​បង, ប្អូន​កណ្ដាល​ក៏​ស្ទុះ​ទៅ​ជួយ​បង ការ​ពារ​កុំ​ឲ្យ​វាយ​បាន ។

លុះ​បាន​ដណ្ដាំ​បាយ​ឆ្អិន​កាល​ណា ក៏​ដោះ​ដួស​បាយ​ចែក​គ្នា ។ ចៅ​វត្តិ​កុមារ​ជា​បង បាន​ភោជន​មាស​ដាក់​បាយ, ថុលកុមារ បាន​ភោជន​ប្រាក់​ដាក់​បាយ, ឯ​ទីឃាវុត្ត​កុមារ ខឹង​នឹង​បង យំ​សស្រាក់ ទៅ​កន្ត្រាក់​បាន​ឯ​លៀន​ខ្មៅ​ធំ​មក​ដាក់​បាយ ។ ចែក​ចំណែក​គ្នា​ស្រេច​ហើយ ពុំ​យូរ​ឡើយ ព្រះ​សម្មា​សម្ពុទ្ធ​វេស្សភូ ទ្រង់​និមន្ត​មក​បិណ្ឌ​បាត​ប្រោស​សត្វ​ទាំងឡាយ ។ កុមារ​ទាំង ៣ នាក់ ស្ទុះ​ទៅ​យក​បាយ​ដាក់​បាត្រ​តែ​រៀង​ខ្លួន ។

បង​ទី​មួយ ធ្វើ​សេចក្ដី​ប្រាថ្នា​ថា សូម​អានិសង្ស​ដែល​ខ្ញុំ​ដាក់​បាត្រ​នេះ ឲ្យ​បាន​ទៅ​កើត​ជា​ព្រះ​អាទិត្យ ឲ្យ​មាន​ឫទ្ធានុភាព មាន​រស្មី​ច្រាល​រន្ទាល​ដូច​មាស សម្រាប់​បំភ្លឺ​សព្វ​សត្វ​ទាំង​ពួង ក្នុង​ទ្វីប​ទាំង ៤ ហើយ​សូម​ឲ្យ​មាន​អាយុ ៩ លាន​ឆ្នាំ ។

ប្អូន​ទី​ពីរ ដាក់​បាត្រ​រួច​ហើយ ធ្វើ​សេចក្ដី​ប្រាថ្នា​ថា សូម​អានិសង្ស​ដែល​ខ្ញុំ​ដាក់​បាត្រ​នេះ ឲ្យ​បាន​ទៅ​កើត​ជា​ព្រះ​ចន្ទ​ទេវបុត្ត ឲ្យ​មាន​ពន្លឺ​ភ្លឺ​ច្រាល​រន្ទាល​ដូច​ជា​ប្រាក់ ត្រជាក់​ដូច​កែវ​មរកត សម្រាប់​សត្វ​លោក​ក្នុង​ទ្វីប​ទាំង ៤ ហើយ​សូម​ឲ្យ​មាន​អាយុ ៩ លាន​ឆ្នាំ ។

ប្អូន​ពៅ ដាក់​បាត្រ​រួច​ហើយ តាំង​សេចក្ដី​ប្រាថ្នា​ថា សូម​ឲ្យ​មាន​រូប​ធំ មាន​កម្លាំង​ខ្លាំង មាន​ឫទ្ធានុភាព​នោះ​ច្រើន​លើស​គេ​ក្នុង​ទ្វីប​ទាំង ៤ ។ បើ​បង​ទាំង​ពីរ​នាក់​នេះ​ឃើញ​ខ្ញុំ​វេលា​ណា ឲ្យ​រន្ធត់​ញាប់​ញ័រ​ខ្លាច​ខ្ញុំ ។

កុមារ​ទាំង ៣ នាក់ តាំង​ប្រាថ្នា​តែ​រៀង​ៗ ខ្លួន​ស្រេច​កាល​ណា ព្រះ​សម្មា​សម្ពុទ្ធ​វេស្សភូ ធ្វើ​ភត្តានុមោទនា​ស្រេច យាង​ទៅ​កាន់​វត្ត​វិញ ។

ចំណេរ​កាល​ក្រោយ​មក កុមារ​ទាំង ៣ នាក់ ស្លាប់​អំពី​លោក​នេះ ទៅ​កើត​តែ​រៀង​ខ្លួន គឺ​បង​ទី ១ ទៅ​កើត​ជា​ព្រះ​អាទិត្យ, ទី ២ ទៅ​កើត​ជា​ព្រះ​ចន្ទ, ប្អូន​ពៅ​ទៅ​កើត​ជា​រាហូ​អសុរិន្ទ ។

ទំនៀម​ខ្មែរ ដែល​នៅ​រាប់​អាន​គំនូរ​រូប​រាហូ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​យល់​ឃើញ​ថា "រាហូ ជា​អ្នក​ខ្លាំង​ពូកែ មាន​អានុភាព​ច្រើន" បាន​ជា​គេ​គូរ​នៅ​ហោ​ជាង​វិហារ ឬ ជញ្ជាំង​ប្រាសាទ ឬ​ក៏ សាក់​នៅ​ជាប់​នឹង​ខ្លួន​ផង គឺ​គេ​ចង់​ឲ្យ​ខ្លួន​គេ​បាន​ពូកែ ដើម្បី​ការពារ​នូវ​ភយន្តរាយ​ទាំងឡាយ មាន​ខ្មោច​បិសាច​ជាដើម2 ។