ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/30


ព្រេង​ទាក់ទង​នឹង​ទង់​នាគ - ទង់​រលក - ទង់​ក្រពើ



ទង់​នាគ- ទង់​រលក និង ទង់​ក្រពើ​នេះ មិន​មែន​ទើប​តែ​នឹង​មាន​ក្នុង​សម័យ​ឥឡូវ​នេះ​ទេ ហើយ​ក្នុង​នគរ​ខ្មែរ​ទាំង​មូល ក៏​មាន​ជនានុជន​និយម​ប្រើ​គ្រប់​ៗ​ស្រុក​ដែរ តែ​មាន​សេចក្ដី​អធិប្បាយ​ខុស​ៗ គ្នា ។ ចំពោះ​អ្នក​ស្រុក​សិរី​សោភ័ណ​វិញ គេ​យក​សំអាង​លើ​រឿង​ដូច​ខាង​ក្រោម ទង់​នាគ – ទង់​រលក

កាល​ណោះ ព្រះ​ពុទ្ធ​បរម​គ្រូ​នៃ​យើង​ទ្រង់​ចូល​បរិនិព្វាន​ទៅ​ហើយ ។ ពួក​ពុទ្ធ​បរិស័ទ​ដែល​ប្រតិបត្តិ​តាម​ពុទ្ធ​វចនៈ ក្នុង​កាល​ជា​ខាង​ក្រោយ មាន​កតញ្ញូ​កតវេទិតា​ចំពោះ​ព្រះ​អង្គ ប្រាថ្នា​លើក​តម្កើង​ព្រះ​ពុទ្ធ​សាសនា ក៏​នាំ​គ្នា​គិត​កសាង​កូឡា​មណី​ចេតិយ​នៅ​ទី​កន្លែង​មួយ​ដ៏​សម​គួរ ដើម្បី​បញ្ចុះ​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​អង្គ ក៏​តាំង​ចាត់​ការ​កសាង​មួយ​រំពេច, អ្នក​ខ្លះ​យក​នេះ អ្នក​ខ្លះ​យក​នោះ ទៅ​តាម​កិច្ច​ដែល​ត្រូវ​ធ្វើ ។

ក្សិណ​នោះ​ឯង ស្រាប់​តែ​ពួក​មារាធិរាជ នាំ​គ្នា​មក​ផ្ចាញ់​ផ្ចាល ជា​ឧបសគ្គ​មិន​ឲ្យ​ចាត់​ការ​កសាង​បាន គឺ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ចុក​ពោះ អ្នក​ខ្លះ​ឈឺ​ក្បាល អ្នក​ខ្លះ​គ្រុន​ញាក់ ហើម​មុខ​មាត់ ដេក​ថ្ងូរ ទ្រហោ​យំ ស្រែក​ឮ​លាន់​រំពង​ទ្រហឹង​អឺងកង ។ ទើប​មាន​បុរស​ម្នាក់​ជា​ប្រមុខ​ការ រត់​ទៅ​ពិត​ថេរ​ដីកា​ដល់​ព្រះ​ឧបគតត្ថេរ​ថា "ពួក​អ្នក​ធ្វើ​ការ​កសាង​ទាំង​អម្បាល​នោះ ឥឡូវ​នេះ ស្រាប់​តែ​ឈឺ​យំ​រងួយ​ទាំង​អស់​គ្នា ឥត​មាន​អ្នក​ណា​ធ្វើ​ការ​កើត​ទេ" ។ ព្រះ​ឧបគត ដែល​ជា​អ្នក​មាន​ឥទ្ធិ​រិទ្ធិ​បាដិហារ្យ យល់​ការ​ច្បាស់​ថា មិន​មាន​អ្នក​ណា​ទេ ប្រាកដ​ជា​ក្រុង​មារ​ធ្វើ​ការ​ផ្ចាញ់​ផ្ចាល​ទៀត​ហើយ ។ លោក​ក៏​និមន្ត​ទៅ​សូធ្យ​មន្ត​បាច​ទឹក ដាក់​អំបោះ​ឲ្យ​អ្នក​រង​គ្រោះ​ទាំង​នោះ ។ រោគា​ព្យាធិ ក៏​វិនាស​ខ្ចាត់​ខ្ចាយ​អស់​ទៅ ។ ក្រុង​មារ ទាល់​គំនិត ធ្វើ​អ្វី​មិន​កើត ក៏​ក្លែង​ខ្លួន​ជា​បុរស​ម្នាក់ ចូល​ទៅ​សុំ​បព្វជ្ជា​ក្នុង​សម្នាក់​ព្រះ​ឧបគត ។ មុន​នឹង​អនុញ្ញាត​ឲ្យ​បួស ឧបគត​សួរ​យក​ការណ៍​សព្វ​គ្រប់ ។ បុរស​នោះ​ទទួល​ថា "ខ្ញុំ​មក​សុំ​បួស ដោយ​សទ្ធា​ជ្រះ​ថ្លា​ពេញ​ទី មិន​មែន​មក​បួស​បន្លំ ដើម្បី​បង្ខូច​សាសនា​ព្រះ​ពុទ្ធ​ទេ" ។ ទើប​ឧបគត​អធិដ្ឋាន​ដោយ​បញ្ចេញ​សំឡេង​ឲ្យ​លាន់​ឮ​ថា "ចីវរ​នេះ បើ​បុរស​ឯង បួស​ដោយ​ការ​ជ្រះ​ថ្លា​មែន សូម​ឲ្យ​ស្ថិត​នៅ​ល្អ​ជា​ប្រក្រតី​ចុះ, តែ​បើ​អ្នក​ឯង​បួស​ដោយ​បន្លំ ដើម្បី​ផ្ចាញ់​ផ្ចាល​នូវ​ពួក​យើង​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា សូម​ឲ្យ​ចីវរ​នេះ ក្លាយ​ទៅ​ជា​គំរង់​ឆ្កែ​ជាប់​នៅ​នឹង​ក​អ្នក​ឯង កុំ​ឲ្យ​អ្នក​ឯណា​ជួយ​ស្រាយ​បាន​ឡើយ" ។ ព្រះ​ឧបគត​ថា​ដូច្នោះ​ហើយ ក៏​លើក​វត្ថ​ពន្ធ​ពាក់​ជា​ដំបូង ។ ចីវរ​នោះ ក៏​ក្លាយ​ទៅ​ជា​គំរង់​ឆ្កែ​ក្នុង​ពេល​នោះ​ភ្លាម ។ បុរស​គំរង់​គឺ​ក្រុង​មារ​នោះ ក៏​ស្ទុះ​រត់​ទៅ​ទាំង​គំរង់​ស្អុយ​ជាប់​នឹង​ខ្លួន សូម​ឲ្យ​គេ​ជួយ ក៏​មិន​មាន​អ្នក​ណា​ជួយ​ដោះ​បាន​សោះ ។ ទើប​ឧបគត​ប្រាប់​ទៅ​ពុទ្ធ​សាសនិក​ថា "ក្រុង​មារ ក្លែង​ខ្លួន​ជា​បុរស​មក​សុំ​ផ្នួស​នេះ គឺ​ដើម្បី​មក​ផ្ចាញ់​ផ្ចាល​ពួក​យើង​អ្នក​កាន់​ពុទ្ធ​សាសនា មាន​រូប​អាត្មា​ជាដើម តែ​មិន​អី​ទេ ក្រុង​មារ​នឹង​វិនាស​សាប​សូន្យ ដោយ​ឥទ្ធិ​រិទ្ធិ​របស់​យើង​ជា​ប្រាកដ" ។ ចំណែក​ក្នុង​មារ​ដែល​ជាប់​សម្អុយ ស្ទុះ​រត់​ទៅ​ពឹង​អ្នក​ឯ​ណា​ជួយ​មិន​បាន ព្រោះ​មន្ត​លោក​ឧបគត​ខ្លាំង​ពូកែ​ណាស់ ទាល់​គំនិត ក៏​ចូល​មក​លន់​តួ​សូម​ចុះ​ចាញ់ ដោយ​ទទួល​កំហុស​របស់​ខ្លួន ហើយ​អង្វរ​ថា "សូម​លោក​ម្ចាស់​អភ័យ​ទោស មេត្តា​សង្គ្រោះ​ស្រាយ​ចំណង​ឲ្យ​ទាន" ។ ព្រះ​ឧបគត​ក៏​ផ្ចាញ់​ផ្ចាល​ក្រុង​មារ​ដោយ​ប្រការ​ផ្សេង​ៗ ព្រម​ទាំង​ចាប់​ក្រុង​មារ​យក​ទៅ​ចង​ភ្ជាប់​នៅ​នឹង​កំពូល​ភ្នំ​គិដ្បកូដ​ផង ។ ក្រុង​មារ​ខឹង​ណាស់ក៏​ស្ទុះ​ផ្ដាច់​ចំណង​ទៅ​ទាំង​ត្រដរ ។ ចំណង​ឧបគត ក៏​យឺត​ចេញ​ទៅ​ចម្ងាយ​ពីរ​ព្យាម រួច​រួញ​កន្ត្រាក់​ក្រុង​មារ​មក​វិញ ឲ្យ​ទង្គិច​នឹង​ថ្ម​ភ្នំ​ស្ទើរ​ស្លាប់​អស់​វារៈ ៣​ដង ព្រោះ​ចំណង​នោះ​យឺត​ដូច​កៅស៊ូ ទាញ​ទៅ​រួញ​មក ដោយ​មន្ត​របស់​ព្រះ​ឧបគត ។ ក្រុង​មារ​ទាល់​គំនិត ក៏​ទ្រហោ​យំ​រៀប​រាប់​គ្រប់​ប្រការ​ថា "កាល​ព្រះ​ពុទ្ធ​គង់​នៅ​ឡើយ មិន​ដែល​អគ្គ​សាវក​អង្គ​ឯ​ណា មក​បៀតបៀន​ខ្លួន​អាត្មា​អញ​ដូច្នេះ​ម្ដង​សោះ ទើប​តែ​អង្គ​ឧបគត​នេះ ធ្វើ​បាប​ខ្លួន​អញ​យ៉ាង​ទារុណ​ជា​ទី​បំផុត" ។ ព្រះ​ឧបគត​បាន​ឮ​សំឡេង​ក្រុង​មារ ទើប​មាន​ថេរ​ដីកា​ផ្ទញ់​ផ្ទាល់​ដោយ​ប្រការ​ផ្សេង​ៗ ហើយ​ប្រាប់​ទៅ​ក្រុង​មារ​ថា "ចូរ​ឯង​រាង​ចាល កុំ​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​ដូច្នេះ​ទៀត តាំង​ពី​ថ្ងៃ​នេះ​តទៅ" ។ ក្រុង​មារ​ឆ្លើយ​ថា "ខ្ញុំ​ព្រះ​ករុណា​រាង​ចាល​ហើយ សូម​លោក​មេត្តា​ស្រាយ​ចំណង​ចេញ​ទៅ" ។ ព្រះ​ឧបគត​ប្រាប់​បញ្ជាក់​ទៅ​ទៀត​ថា "ចាប់​ដើម​ពី​ថ្ងៃ​នេះ​ទៅ បើ​នៅ​ទី​កន្លែង​ណា គេ​ធ្វើ​បុណ្យ​តាម​លំអាន​សាសនា​ព្រះ​ពុទ្ធ ចូរ​ឯង​កុំ​បៀតបៀន​គេ​ឲ្យ​សោះ​ណា៎" ។ ក្រុង​មារ​ឆ្លើយ​ថា "ខ្ញុំ​ព្រះ​ករុណា​ចាំ​បាន​ហើយ សូម​មេត្តា​សង្គ្រោះ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ទ្រាំ​ស្អុយ​នេះ មិន​បាន​ទេ ដាច់​ខ្យល់​ស្លាប់​ឥឡូវ​ហើយ" ។ ព្រះ​ឧបគត​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា "កន្លែង​ណា ដែល​គេ​ធ្វើ​បុណ្យ​តាម​លំអាន​សាសនា​ព្រះ​ពុទ្ធ នឹង​មាន​ដោត​ទង់​រលក ឬ​ទង់​នាគ​ជា​គ្រឿង​សម្គាល់, ចូរ​ពួក​ឯង​រាល់​គ្នា​ជួយ​សោមនស្ស​ត្រេក​អរ​អនុមោទនា កុំ​បី​អ្នក​ឯ​ណា​មក​បៀតបៀន​ឡើយ" ។

ព្រោះ​ហេតុ​ដូច្នោះ បាន​ជា​ទី​កន្លែង​ណា​ដែល​គេ​ធ្វើ​បុណ្យ គេ​តែង​ដោត​ទង់​រលក ឬ​ទង់​នាគ ជា​សញ្ញា ប្រកាស​ឃោសនា​ប្រាប់​ឲ្យ​អ្នក​ផង​ដឹង​ច្បាស់​ថា "កន្លែង​នោះ គេ​ធ្វើ​បុណ្យ​ទេ​តើ !” ។ ម្យ៉ាង​ទៀត ទង់​នេះ​មាន​សញ្ញា​ទ្រង់​ទ្រាយ​ខុស​ៗ គ្នា តាម​ការ​រចនា​របស់​ជាង ។ ទង់​ក្រពើ

កាល​ណោះ ម្ចាស់​ដែនដី​នេះ ឈ្មោះ ក្រុង​ពាលី ព្រះ​ពុទ្ធ​ជា​ម្ចាស់ ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ក្នុង​លោក កាល​បើ​ទ្រង់​ឃើញ​ក្រុង​ពាលី​ជា​មនុស្ស​វង្វេង តែ​មាន​និស្ស័យ​គួរ​ព្រះ​អង្គ​ប្រោស​បាន ទើប​ប្រើ​ឧបាយ​សុំ​បិណ្ឌ​បាត​ដី​ដោយ​ពាក្យ​ថា "ក្រុង​ពាលី ! តថាគត​សុំ​ដី​នេះ​ចំនួន​ប៉ុន​ចីពរ​ផង​បាន​ទេ ?” ។ ក្រុង​ពាលី​ឆ្លើយ​ថា "សមណៈ​យក​ដី​ធ្វើ​អ្វី​តូច​ម្ល៉េះ!” ។ ទើប​ព្រះ​អង្គ​មាន​ពុទ្ធ​ដីកា​ថា "តថាគត​ចង់​បាន​ធំ​ដែរ តែ​មិន​ហ៊ាន​សុំ, បើ​ដូច្នោះ តថាគត​សុំ​ចំនួន ៣ ជំហាន​ចុះ !” ។ ក្រុង​ពាលី​ឆ្លើយ​ថា "ព្រះ​អង្គ​យក​ចុះ" ។ ទើប​ព្រះ​ពុទ្ធ​ជា​ម្ចាស់​សម្ដែង​បាដិហារ្យ ឈាន​យក​ផែនដី​ទាំង​មូល បាន​តែ​ត្រឹម​ចំនួន ២ ជំហាន​កន្លះ អស់​ផែនដី ។ ក្រុង​ពាលី​ទាល់​ប្រាជ្ញា គិត​ថា "ផែនដី​របស់​អញ​នេះ ឃើញ​ធំ​ណាស់​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​តូច​ម្ល៉េះ ! សូម្បី​តែ​លើក​ថ្វាយ​ព្រះ​ពុទ្ធ​ចំនួន ៣ ជំហាន ក៏​មិន​គ្រប់​ផង" ។ ក្រុង​ពាលី​សញ្ជឹង​គិត​តែ​ម្នាក់​ឯង​ដូច្នេះ ហើយ​ក៏​ភៀស​ខ្លួន​ដើរ​ចេញ​អំពី​ផែនដី​ដែល​ត្រូវ​បាន​ទៅ​ព្រះ​ពុទ្ធ រួច​ខ្លួន​ឯង​ក៏​អស់​ដី​នៅ​តាំង​ពី​ត្រឹម​ហ្នឹង​មក ទើប​កាឡា​ខ្លួន​ជា​ក្រពើ ទៅ​នៅ​ក្រៅ​កណ្ដាប់​ចក្រវាល ។ ព្រះ​សមណ​គោតម ទ្រង់​ជ្រាប​ច្បាស់​ដូច្នោះ ក៏​តាម​ទៅ​ទៀត ។ ក្រពើ​យល់​បាន​ថា "នេះ មិន​គឺ​អ្នក​ណា​ទេ ប្រាកដ​ជា​សមណៈ​នោះ​ហើយ" ទើប​សួរ​ទៅ​ថា "ចុះ​សមណៈ​មក​ទី​នេះ​ធ្វើ​អ្វី ? សុំ​យក​ដី​យើង​ទាំង​អស់​ទៅ​ហើយ ៗ យើង​មក​សម្ងំ​នៅ​ក្នុង​ទឹក​ឯ​ណេះ, តើ​សមណៈ​ចង់​បាន​ទឹក​ទៀត​ឬ បាន​ជា​មក​តាម​យើង​ដូច្នេះ ?” ។ ព្រះ​សមណ​គោតម​ឆ្លើយ " តថាគត​មក​នេះ ដោយ​បំណង​ពឹង​ក្រពើ​ឯង​តើ !” ។

  • - ពឹង​ការ​អ្វី ?
  • - ពឹង​ឲ្យ​ចម្លង !
  • - ពឹង​ពុំ​បាន​ទេ, បើ​ជួល​ឲ្យ​អាហារ​ស៊ី ទើប​បាន ។
  • - មិន​អី​ទេ ! ចាំ​តថាគត​ឲ្យ​អាហារ​ឆ្ងាញ់​ដល់​អ្នក​ឯង​ស៊ី ។

ក្រពើ និង​ព្រះ​សម្មា​សម្ពុទ្ធ​ក៏​ព្រមព្រៀង​គ្នា ហើយ​ក្រពើ​ប្រាប់​ទៅ​ព្រះ​អង្គ​ថា "ជិះ​ក្បាល​ខ្ញុំ​មិន​បាន​ទេ" ។ ព្រះ​សម្មា​សម្ពុទ្ធ​ឆ្លើយ​ថា "ធម្មតា​ម្ចាស់​ឈ្នួល ស្រេច​តែ​នឹង​ចិត្ត ចង់​ជិះ​ត្រង់​ណា​ក៏​បាន​ដែរ, ឯង​ស៊ី​ឈ្នួល​គេ​មិន​ត្រូវ​ប្រកែក​ទេ" ។ ក្រពើ​ទាល់​គំនិត ដោយ​ការ​ព្រមព្រៀង​គ្នា​ជា​ស្រេច​ទៅ​ហើយ រក​និយាយ​មិន​រួច ម្ល៉ោះ​ហើយ ត្រូវ​ស៊ូ​ទ្រាំ​ទៅ​តាម​កម្ម ។ ព្រះ​ពុទ្ធ​អង្គ​ក៏​ឡើង​ជិះ​លើ​ក្បាល​ក្រពើ ធ្ងន់​មហា​ធ្ងន់ ព្រោះ​កម្លាំង​ឥទ្ធិ​រិទ្ធិ ។ ក្រពើ​ជ្រមុជ​ចុះ​ទៅ​ក្នុង​ទឹក​ជ្រៅ ព្រោះ​ធន់​នឹង​ទម្ងន់​មិន​បាន ក៏​ទទួល​សុំ​ចុះ​ចាញ់​ព្រះ​អង្គ​ក្នុង​ពេល​នោះ ។ បំណង​របស់​ក្រពើ ចង់​ឲ្យ​ព្រះ​ពុទ្ធ​អង្គ​ជិះ​ខ្នង តែ​ព្រះ​អង្គ​មិន​ព្រម ដោយ​ចង់​ឈ្នះ​ក្រពើ ទើប​ជិះ​ក្បាល ។ ព្រះ​សម្ពុទ្ធ​ជ្រាប​ច្បាស់​ថា "និស្ស័យ​របស់​ក្រុង​ពាលី ចុះ​ក្នុង​សំណាញ់​ញាណ​របស់​ព្រះ​អង្គ​ហើយ ទើប​ព្រះ​អង្គ​សម្ដែង​ធម៌​ប្រោស អំពី​អរិយ​សច្ច​ធម៌ ៤ យ៉ាង ។ ក្រពើ មាន​សេចក្ដី​ជ្រះ​ថ្លា​ចំពោះ​ព្រះ​អង្គ ក៏​ដក​ចង្កូម​ទាំង ៤ ថ្វាយ​ព្រះ​អង្គ​ក្នុង​ពេល​នោះ​ទៅ ។

ព្រោះ​ហេតុ​ដូច្នោះ​ហើយ បាន​ជា​នៅ​ពេល​ធ្វើ​បុណ្យ​បូជា​ខ្មោច ត្រូវ​មាន​ទង់​ក្រពើ ព្រោះ​ត្រូវ​ការ​អាស្រ័យ​នឹង​ផែនដី ។ ឯ​កិច្ចការ​សព្វ​សារពើ ដូចជា​សង​ផ្ទះ សាលា​ជាដើម លើ​ផែនដី ក៏​ត្រូវ​ឲ្យ​សែន​ក្រុង​ពាលី​ជា​ម្ចាស់​ដី​សិន​ដែរ ទើប​បាន​សុខ​សប្បាយ ។

រឿង​នេះ មាន​នៅ​ក្នុង​សាស្ត្រា​មាណព ។