គតិលោក/ភាគទី១/6

113326គតិលោក, ភាគទី១ប្រស្នា​រឿង​ពាល​ដែល​គួរ​ខ្លាចឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


ប្រស្នា​រឿង​ពាល​ដែល​គួរ​ខ្លាច



ស. ចុះ​លោក​គ្រូ​ឲ្យ​ខ្លាច​មនុស្ស​យ៉ាង​ណា​វិញ ?

គ. ត្រូវ​ខ្លាច​មនុស្ស​ពាល​ជំពូក ! ទើប​ត្រូវ​ព្រោះ​មនុស្ស​ពាល ក្រ​នឹង​គេច​រត់​អំពី​វា​ទៅ​បាន​ពាល​នោះ ពុំ​ប្រាកដ​ថា ​នៅ​ត្រង់​នេះ​ត្រង់​នោះ​បាន​ជួន​ណា​កូន​ប្រពន្ធ​ឯង បង​ប្អូន​ឯង ត្រឡប់​ជា​ពាល​វិញ​ក៏​មាន ពាល​នេះ​រក្សា​ក្រ​ពេក​ណាស់ កុំ​ថា​ដល់​ពាល​ខាង​ក្រៅ​នោះ​ឡើយ តែ​ពាល​ខាង​ក្នុង នៅ​ជា​មួយ​នឹង​ខ្លួន​ក៏​ពុំ​ដឹង​ថា ជា​ពាល​មក​ដល់​ថ្ងៃ​ណា​ខែ​ណា ពេល​ណា ដូច​ប្រពន្ធ​ដែល​រួម​សុខ​ទុក្ខ​ផង​គ្នា ចួន​ណា​ក៏​ប្រែ​ចិត្ត​គិត​ស្អប់​ប្ដី ទៅ​ស្រឡាញ់​ប្រុស​ដទៃ ប្រើ​សហាយ​វា​ឲ្យ​ប្រហារ​ប្ដី ដល់​នូវ​សេចក្ដី​ស្លាប់​ទៅ​វិញ​ក៏​មាន ឯ​រឿង​និទាន​ប្រពន្ធ​សម្លាប់​ប្ដី រឿង​បុរាណ​ក៏​មាន​និយាយ​មក​ថា មាន​បុរស​ម្នាក់​មាន​ភរិយា​ជា​ទី​គាប់​ចិត្ត នៅ​រួម​សុខ​ទុក្ខ​នឹង​គ្នា​អស់​កាល​ជា​យូរ​មក តែ​បុរស​នោះ​មាន​ប្អូន​ប្រុស​ម្នាក់​យក​មក​នៅ​រក​ស៊ី​ជា​មួយ​ផង លុះ​នៅ​យូរ​មក មេ​ប្រពន្ធ​នោះ ទៅ​ប្រតិព័ទ្ធ​ស្រឡាញ់​ចៅ​ប្អូន​ថ្ងៃ​មួយ​បាន​លួច​លាក់​ធ្វើ​ស្ម័គ្រ​សង្វាស​នឹង​គ្នា ដល់​ក្រោយ​មេ​នោះ និយាយ​ញុះ​ចៅ​ប្អូន​ថ្លៃ​ឲ្យ​សម្លាប់​ប្ដី​ឯ​ចៅ​ប្អូន​ថ្លៃ​នោះ ហេតុ​តែ​ជា​មនុស្ស​លុះ​ក្នុង​អំណាច​ភ្លើង​រាគ​ខ្លាំង​ក៏​លុះ​ពាក្យ​ញុះ​ញង់​នោះ កើត​ទ្រុះ​មិត្រ​ប្រទុស្ត​បង​អាត្មា ទើប​កាន់​ដាវ​ទៅ​ចាំ​នៅ​នា​កំពង់​ទឹក លុះ​បង​ទៅ​ងូត​ទឹក​ចៅ​ប្អូន​នោះ ក៏​ពិឃាត​បង​នោះ ដល់​នូវ​មរណកាល​កណ្ដាល​ផ្លូវ​ទៅ ហើយ​ក៏​បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ត​មក ។

រឿង​រ៉ាវ​នេះ មាន​សេចក្ដី​ពិស្ដារ​ក្នុង​ព្រះ​គម្ពីរ​សង្គហៈ​ឯ​នោះ អញ្ជើញ​ទៅ​មើល​ចុះ ។

មាន​រឿង​ក្នុង​កាល​ឥឡូវ​នេះ​ក៏​មាន ដូច​រឿង​ស្ត្រី​ម្នាក់​នៅ​ស្រុក​ចក ខេត្ត​ត្នោត ស្ត្រី​នោះ​ជា​កូន​នាយ​ជាង​មាស មាតា​បិតា​ដាក់​ទុក​ឲ្យ​មាន​ស្វាមី លុះ​នៅ​យូរ​មក មេ​នោះ​មាន​សហាយ​ក្បត់​កើត​ស្អប់​ប្ដី​អាត្មា​ទើប​វា​និយាយ​បញ្ឆោត​ប្ដី​នោះ ឲ្យ​ទៅ​បោច​វល្លិ៍​ក្នុង​ព្រៃ​ស្ងាត់ ហើយ​វា​ឲ្យ​សហាយ​នោះ ទៅ​តាម​សម្លាប់​ចៅ​ប្ដី​នោះ​ចោល ។

១ ទៀត​មាន​មេ​ម្នាក់​ប្រពន្ធ​មេឃុំ នៅ​ភូមិ​ស្រុក​ស្ទោង​ជីក្រែង ស្ត្រី​នោះ​ឯង​ទៅ​សហាយ​នឹង​ចៅអធិការ​ម្នាក់ កើត​ស្អប់​ប្ដី​អាត្មា ទើប​វា​ទៅ​ជួល​អ្នក​លេង​ឲ្យ​បាញ់​មេឃុំ​ជា​ប្ដី​ស្លាប់​ទៅ ។

រឿង​អស់​ទាំង​នេះ មាន​សេចក្ដី​ពិស្ដារ នៅ​ក្នុង​ពាក្យ​បណ្ដឹង ក្នុង​សាលា​វិនិច្ឆ័យ​ឯ​នោះ ។

ចប់​ប្រពន្ធ​ពាល ។

រឿង​កូន​ពាល​វិញ​នោះ

គឺ​កូន​ជា​អវជាតបុត្រ អកតញ្ញូ ពុំ​ដឹង​គុណ​មាតា​បិតា អាច​សម្លាប់​មាតា​បិតា ដូច​និទាន​ព្រះ​មោគ្គល្លានត្ថេរ កាល​នៅ​ក្នុង​អតីត​ជាតិ​នៅ​ឡើយ លោក​កើត​ជា​មាណព​ម្នាក់ លុះ​អំណាច​មេ​ភរិយា​វា​ញុះ​ឲ្យ​មាណព​នោះ នាំ​មាតា​បិតា​ទៅ​សម្លាប់​ចោល​បង់​ក្នុង​ព្រៃ មាណព​នោះ​ត្រូវ​ទោស​អនន្តរិយកម្ម ធ្លាក់​ទៅ​សោយ​ទុក្ខ​វេទនា​ក្នុង​មហា​អវិចី​នរក​អស់​កំណត់ លុះ​ដល់​ភទ្ទកប្ប​នេះ គ្រា​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​យើង​បាន​ត្រាស់​ឡើង មាណព​នេះ បាន​មក​កើត​ជា​ព្រះ​មោគ្គល្លានត្ថេរ ជា​អគ្គ​សាវក​ខាង​ឆ្វេង ។