រឿងឃុនរ៉ាតចាញ់បោកចៅពាល
រឿងបិតុឃាត ដូចនិទានព្រះបាទអជាតសត្រូវទៅសេពគប់នឹងទេវទត្ត កើតមោហចិត្តគិតចង់បានរាជសម្បត្តិព្រះវររាជបិតា ចាប់ព្រះបាទពិម្ពិសាររាជជាព្រះវររាជបិតា ប្រហារជីវិតដល់នូវមរណភាពទៅ ។
រឿងនិទានអស់នេះ មានសេចក្ដីពិស្ដារក្នុងព្រះគម្ពីរមង្គលត្ថទីបនីឯនោះ ហេតុនោះទើបហៅថាមនុស្សពាលនោះ គួរខ្លាចក្រៃពេកណាស់ ព្រោះនៅជិតជាប់នឹងអាត្មាពុំដឹងជានឹងកើតមកក្នុងថ្ងៃណា នឹងគេចរត់ឲ្យផុតចេញពីវាទៅបាន ។
១ ទៀត ឯមនុស្សពាលនេះ ចេះឧបាយកលបញ្ឆោតបញ្ឆុកច្រើនយ៉ាងណាស់ តែពុំមានបញ្ញាត្រិះរិះគិតឲ្យដឹងកលអាការវាហើយ ក៏នឹងបង់ខ្លួនបង់ទ្រព្យទៅដោយអំពើពាលនោះពុំខាន ដូចនិទានឃុនរ៉ាតឲ្យមនុស្សពាលវាធ្វើបាន ឯនិទាននោះដោយឮថាមានកាលថ្ងៃ ១ មានមនុស្សម្នាក់ វាយកខ្សែមាសមួយខ្សែឡើងទៅលើផ្ទះឃុនរ៉ាត ហើយវានិយាយថា "ខ្ញុំបាទទ័លចាយពេកណាស់ ខ្ញុំយកខ្សែនេះមកបញ្ចាំនឹងលោក សូមបញ្ចាំទុកប្រាក់ ៣០ រៀលខ្ញុំបាទជូនការលោក ១ ខែ ៣ កាក់ ៗ រៀងទៅ សូមលោកមេត្តាជួយដោះធុរៈខ្ញុំបាទម្ដងនេះទៅ" ។ ឃុនរ៉ាតថាៈ "ខ្សែឯងនេះមាសទម្ងន់ប៉ុន្មានដំឡឹងប្រាប់មក ? ថាៈ "ខ្សែខ្ញុំបាទនេះធ្វើមកទម្ងន់ ៣ ដំឡឹង ២ ជី " ។ ឃុនរ៉ាតថាៈ "ខ្សែឯងនេះក្រែងក្រឡៃទេដឹង យើងសង្ស័យណាស់ ? “បាទ ខ្សែខ្ញុំបាទនេះ គឺមាសសុទ្ធពិតប្រាកដមែន បើលោកមិនជឿខ្ញុំបាទ សូមអញ្ជើញលោកយកទៅឲ្យជាងគេសាក ឬកាត់មើលចុះ បើទៅជាក្រឡៃដូចពាក្យលោកថានោះ ខ្ញុំបាទហ៊ានឲ្យលោកធ្វើទោសខ្ញុំបាទដោយប្រការផ្សេង ៗ" ។ ឃុនរ៉ាតក៏យកខ្សែនោះ ទៅឲ្យជាងទងគេមើល ។ នាយជាងទងនោះបានកាត់មើលបន្តិចទៅ ក៏ឃើញជាមាសប្រាកដ ទើបជម្រាបឃុនរ៉ាតថា មាសមែនហើយលោក ចូរលោកទទួលយកទុកចុះមិនខាតទេ ទើបឃុនរ៉ាតវិលមកផ្ទះ ហើយនិយាយកត់ត្រាសញ្ញាឈ្មោះ នឹងចៅនោះព្រមចិត្តគ្នា ទើបយកប្រាក់ ៣០ រៀលប្រគល់ឲ្យទៅចៅនោះ ។ ចៅពាលបានប្រាក់ហើយ ក៏លាឃុនរ៉ាតមកទីលំនៅអាត្មា ។ លុះអស់ខែ ១ ចៅពាលក៏យកប្រាក់ការមកជូនឃុនរ៉ាតនោះ តែដល់ទេសកាលមានវិធីធ្វើបុណ្យឬការមង្គលប្រជុំមហាជនកាលណា ក៏យកខ្សែនោះពាក់ប្រដាប់អាត្មាទៅកាលនោះ លុះកន្លងខែ ៣ មក ។ ចៅពាលក៏យកប្រាក់ ៣០ រៀលដើម នឹងប្រាក់ការទៅលោះខ្សែអំពីឃុនរ៉ាត ៗ ក៏បានទទួលប្រាក ហើយប្រគល់ខ្សែនោះទៅចៅពាលវិញ ។ ចៅពាលក៏លាឃុនរ៉ាតមកកាន់ទីលំនៅខ្លួន លុះនៅយូរបន្តិចមក ចៅពាលយកខ្សែនោះទៅបញ្ចាំឲ្យឃុនរ៉ាតម្ដងទៀត បញ្ចាំជាន់ក្រោយនោះឡើងថ្លៃ ៥០ រៀន ឃុនរ៉ាតក៏ទទួលបញ្ចាំដូចជាន់មុន លុះនៅយូរបន្តិចមក ចៅពាលយកប្រាក់ ៤០ រៀលនឹងការប្រាក់ទៅលោះយកខ្សែ អំពីឃុនរ៉ាតមកវិញ ។ លុះកន្លង ៥ ខែមក ចៅពាលធ្វើខ្សែក្រឡៃ ១ មានរូបសណ្ឋានភាពនូវក្បាច់ទាំងទំនងដែលជាងកាត់បន្តិចនោះ ក៏ដូចគ្នានឹងខ្សែជាន់មុនហើយចៅពាលយកទៅបញ្ចាំឲ្យឃុនរ៉ាតទៀត បញ្ចាំឡើងថ្លៃ ៦០ រៀល ។ ឯឃុនរ៉ាតក៏ពុំបានត្រួតត្រាមើលឲ្យម៉ត់ចត់ ព្រោះខ្សែនោះដូចគ្នានឹងជាន់មុន ហើយចៅពាលយកទៅបញ្ចាំឃុនរ៉ាតទុកចិត្តឥតសង្ស័យទើបទទួលបញ្ចាំខ្សែក្រឡៃនោះនឹងចៅពាល បានប្រគល់ប្រាក់ ៦០ រៀលឲ្យចៅពាល ៗ ទទួលយកប្រាក់ហើយ ក៏លាឃុនរ៉ាតវិលទៅកាន់ទីលំនៅខ្លួនដូចដើមលុះនៅយូរបន្តិច ចៅពាលក៏យកប្រាក់ ៦០ រៀលនឹងការទៅលោះខ្សែក្រឡៃអំពីឃុនរ៉ាត ៗ ក៏ទទួលយកប្រាក់ ហើយទៅយកខ្សែនោះហុចឲ្យចៅពាល ៗ ទទួលយកមក ក៏ធ្វើជាពិនិត្យមើលចុងដើមខ្សែនោះ ហើយក្លែងនិយាយបញ្ឆកថា "ខ្សែនេះមិនមែនជាខ្សែខ្ញុំបាទទេលោក ម្ដេចក៏លោកយកខ្សែក្រឡៃតែផ្ដាសពីណាមកឲ្យខ្ញុំបាទច្នោះវិញ ខ្សែខ្ញុំបាទនេះមាសពិត ៗ លោក" ។ ឯឃុនរ៉ាតក៏ឆ្លើយថា "ខ្សែនោះឯងហើយជារបស់ឯង យើងនឹងមានខ្សែឯណាមកលាយឡំច្រឡំគ្នានោះក៏ទេ មានតែខ្សែចៅឯងមួយប៉ុណ្ណោះឯង ហេតុម្ដេចក៏ថាពុំមែនវិញដូច្នោះ យើងទៅឆីឆចៅឯងឯណាបាន" ។ ចៅពាលក៏ថាមែនយ៉ាងរូបខ្ញុំបាទជាអ្នកទ័លក្រ មកកោងឆីឆបោកកុហកអ្វីពីលោកឲ្យខូចផ្លូវមេត្រីនោះ តែខ្សែខ្ញុំបាទមាសពិត ៗ ដូចលោកបានឲ្យជាងសាកមើលពីដើមហើយ ក៏ឯខ្សែនេះជាខ្សែកាឡៃសោះ ខ្ញុំនឹងទទួលយកម្ដេចបាន លោកយកខ្សែតែផ្ដាសមកឲ្យខ្ញុំបាទយ៉ាងនេះ បើលោករកខ្សែមាសនោះពុំបាន សូមឲ្យលោកសងថ្លៃខ្សែខ្ញុំបាទជាប្រាក់ ១៣៥ រៀល" ។ ឃុនរ៉ាតឮចៅពាលថាដូច្នោះក៏កើតទោសោខ្លាំងហើយថា "ឯងមិនសុខចិត្តយកខ្សែនេះ ក៏តាមចិត្តចុះ ឬចង់ទៅប្ដឹងសាលាណាក៏តាមខ្មោចអាខ្មោច ខ្សែផង់ឯងហើយ នៅថាមិនមែនទៀតទៅឲ្យឆាប់ទៅកុំមកតឈ្លោះអ្វីនឹងអញ" ។ ឯចៅពាលពុំទទួលយកខ្សែ ហើយក៏ចុះអំពីផ្ទះឃុនរ៉ាតទៅពឹងចៅស្មាក្ដីម្នាក់ឲ្យធ្វើរឿងរ៉ាវប្ដឹងចោទ យកតួឃុនរ៉ាតកោងឆខ្សែ តាមសេចក្ដីគ្រប់ប្រការ ហើយចៅពាលក៏យកពាក្យនោះ ចូលទៅប្ដឹងដល់សាលាចៅក្រមៗ សាលាកាលទទួលពាក្យបណ្ដឹងនោះហើយ ទើបមានដីកាហៅរូបឃុនរ៉ាត់ចម្លើយមកសួរ ។ ឯឃុនរ៉ាតក៏ធ្វើពាក្យឲ្យការឡើង តាមដំណើរអំពីដើមដល់ចុង ជូនដល់ចៅក្រម ចៅក្រមសាលាយកពាក្យចោទពាក្យចម្លើយមកជំរះទៅ ក៏យល់សេចក្ដីខាងពាក្យចោទពោលអាងនាយជាងទងជាសាក្សី ទើបហៅយកសាក្សីនោះមកឲ្យស្បថជាបន្ទាល់ឲ្យការ ឯនាយជាងទងនោះក៏ឆ្លើយឲ្យការថា ខ្លួនបានកាត់ខ្សែមើលជាមាសមែន ឯត្រង់ចៅពាលផ្លាស់ប្ដូរលោះទៅហើយយកមកបញ្ចាំ ២-៣ ដងទៀត នោះជាងទងសាក្សីពុំដឹង ទើបឆ្លើយថាខ្សែនោះជាមាសពិតមែនដូចពាក្យចោទ ទើបចៅក្រមកាត់ក្ដីនោះឲ្យឃុនរ៉ាតចាញ់ចៅពាល ឃុនរ៉ាតត្រូវសងផ្លៃខ្សែមាសជាប្រាក់ ១៣៥ រៀលផង ត្រូវបង់ប្រដាប់ក្ដីជួសចៅពាលផង សងសោហ៊ុយទាំងអស់ផង ។
រឿងឃុនរ៉ាតចាញ់ក្ដីចៅពាលនេះ ឯងស្ដាប់មើលចុះ ជាតិមនុស្សពាលវាចេះឧបាយកល ធ្វើឲ្យឃុនរ៉ាតដល់នូវសេចក្ដីវិនាស ហេតុនោះទើបថាមនុស្សពាលនេះ គួរស្ញើប គួរខ្លាចណាស់ ។ មួយទៀតពាលនេះក្រនឹងកំណត់កត់ឲ្យដឹងថា អាការកិរិយានៃមនុស្សពាលមានលក្ខណៈសណ្ឋានយ៉ាងនេះយ៉ាងនោះទៅបាន ។
ឯមនុស្សស្រុកយើងសព្វថ្ងៃនេះ ដឹងតែថាអ្នកណាផឹកស្រាជក់អាភៀន ស្លៀកពាក់សើយលាត់ ឬដើរក្រឡៃក្រឡ បង្កពាក្យជម្លោះប្រកែកទៅផ្សេង ៗ នោះទើបដឹងថា អ្នកនោះជាមនុស្សពាលមែន ឯត្រង់ពាលវាក្លែងធ្វើកិរិយា ប្រើអាការស្លៀកពាក់រៀបរយសំដែងកិរិយា សុភាពរាបសានោះ មិនស្គាល់ឡើយបណ្ដាអ្នកនគរ ដែលរាប់អានព្រះពុទ្ធសាសនានេះ តែឃើញមនុស្សកោរក្បាល ស្លៀកស្បង់ពាក់ចីពរហើយ ក៏តាំងសំគាល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធទុកចិត្តជឿរាប់អាន ដល់មនុស្សពាលវាយល់ភេទនោះហើយ ទើបវាក្លែងលួចភេទនោះ មកធ្វើជាភិក្ខុ ឬសាមណេរ ដើរកុហកបញ្ឆោតអ្នកនគរឲ្យខូចផល