រឿងសត្វកង្កែប និងគោ
មានសត្វកង្កែប ១ នៅក្នុងស្រះ ថ្ងៃមួយមានគោ ១ ចុះទៅផឹកទឹកស្រះនោះ កង្កែបឃើញហើយក៏នឹកក្នុងចិត្តថា អាសត្វគោនេះ ម្ដេចរូបវាធំម្ល៉េះ បើដូច្នេះ អញនឹងបំពើតកាយបំប៉ោងខ្លួនឡើងឲ្យធំដូចគោនេះបានអេះ កង្កែបគិតដូច្នោះហើយ តាំងបំប៉ោងកាយ ចំអើតជើងឡើង ហើយហៅទៅកាន់គោនោះថា "នែប្រស្ដែងគោ ចូរមើលមករូបយើងឯណេះយើងធំប៉ុនប្រស្ដែងឯងហើយឬ ? ។
ឯគោក៏តបថា "នៅទេចៅកង្កែប ចូរខំបំពើតបំប៉ោងឡើងបន្តិចទៀត" ។ កង្កែបឮដូច្នោះក៏ខំប្រឹងកាងចំកោងបំពើតប៉ោងឡើងលើសមុន ហើយក៏ហៅទៅគោថា "ម៉េចម្ដងណេះ ប្រស្ដែងគោ រូបយើងធំប៉ុនអ្នកឯងហើយឬ ៗ នៅទាស់ត្រង់ណាទៀត ? ។
ឯគោក៏តបថា "នៅទេកង្កែប ចូរខំប្រឹងបំប៉ោងឡើងទៀតទៅ" ។ កង្កែបក៏ខំប្រឹងខាំមាត់ តាំងកាងចំកោងបំប៉ោងពេញកំលាំង ខ្យល់អស្សាសបស្សាសដង្ហើមចូលចេញមិនបាន កាយកង្កែបនោះ ក៏បែកធ្លាយ ចេញពោះវៀនលៀន លេចមកខាងក្រៅដល់នូវមរណកាលក្នុងកាលនោះហោង ។
រឿងនេះបានគតិអ្នកតូចចង់ជាធំ គឺចង់ត្រាប់កាយអ្នកធំ ពុំសមក្ដីប្រាថ្នា ក៏វិនាសអាត្មាឯងវិញ ។ មួយទៀត បានគតិដូចបុរាណតែងថា "ដំរីជុះ ៗ តាមដំរី" នោះឯង មួយទៀត មានបទបាលីក្នុងគម្ពីរលោកនីតិថា អប្បរូចោ ពហុភាសោ អប្បបញ្ញោ បកាសិតោ អប្បបុរោ ឃដេ ខោភេ អប្បខីរា តាវី ចលេ ។
ប្រែថា ជាតិអ្នកទាបភាពតូចសំដីខ្ពស់ ឥតប្រាជ្ញាក្លាយសប្រកាសថ្លែង ពាងក្អមទឹកមិនពេញក្រឡកគ្រលែង មេគោឯងទឹកដោះតិចគេចធាក់ក្រាន ។ មួយទៀតថា អធនស្ស រសំ ខាទា អពលស្ស ហតា នរា អប្បញ្ញស្ស វាក្យា កថា ឧម្មត្តកសមា ឥមេ ។
ប្រែថា អ្នកឥតធនធាន ចង់ទទួលទាន រសឆ្ងាញ់លើសលែង អ្នកឥតកម្លាំង ចង់តាំងសំដែងចំបាប់ទាត់ប៉ែងសំដែងអំនួត ។ អ្នកឥតប្រាជ្ញា ល្មោភថ្លែងចរចា ប្រាថ្នាគេអួត ជន ៣ នេះប្រើ ទុកស្មើមនុស្សឆ្កួត ព្រោះឡើងអំនួត ល្មោភហួសប្រមាណ ។
ចប់តម្រាតូចចង់ធ្វើធំទី ២៣ ។