រឿងសត្វស្មាន់ ក្អែក នឹងអណ្ដើកជាសំឡាញ់នឹងគ្នា
មានសត្វស្មាន់ ១ ក្អែក ១ អណ្ដើក ១ យកគ្នាសម្លាញ់ តែងពឹងពាក់គ្នាទៅវិញទៅមក ។ ថ្ងៃ ១ ស្មាន់ទៅរកស៊ីនៅព្រៃ ១ ក៏ជាប់អន្ទាក់ព្រានព្រៃ ក្អែកនឹងអណ្ដើកនាំគ្នាដើររកស្មាន់នោះ លុះដល់ទៅដល់ជាយព្រៃ ក៏ស្រាប់តែឃើញស្មានជាប់អន្ទាក់ ទើបចូលទៅសួរថា "សម្លាញ់ឯង ហេតុអ្វីដើររកស៊ីមិនមើលអន្តរាយ មកឲ្យជាប់អន្ទាក់គេយ៉ាងនេះ" ។ ស្មាន់ក៏ឆ្លើយថា "ឱសម្លាញ់អើយ អញនេះបានជាខុសហើយ ចូរសម្លាញ់គិតកែខៃជួយអាយុអញផងចុះ"។
ឯក្អែកនឹងអណ្ដើកក៏ទទួលជួយដោះទុក្ខភឿន ក្អែកហើរទៅពាំនាំទឹក មកស្រោចខ្សែអន្ទាក់ឲ្យទន់ឯអណ្ដើកក៏ខាំខ្សែអន្ទាក់នោះឯង ក្អែកនឹងអណ្ដើកព្យាយាមខាំកាត់អន្ទាក់នោះ តាំងតែពីបឋមយាម ដរាបដល់បច្ឆិមយាម ទៀបនឹងភ្លឺស្វាង កាត់ដាច់បានពីរធ្លុង នៅសល់មួយធ្លុង ក៏ជួនពេលព្រានព្រៃមក ទើបក្អែកនឹងអណ្ដើកដាស់សតិស្មានថា "សម្លាញ់អើយ ពេលនេះ ម្ចាស់អន្ទាក់មកជិតដល់ហើយ យើងជួយកាត់បានតែពីរធ្លុង នៅសល់មួយធ្លុង ចូរសម្លាញ់ខំបោលកន្ត្រាក់ដោយខ្លួនឯងឲ្យដាច់ទៅចុះ " ។ កាលសត្វទាំង ៣ កំពុងនិយាយគ្នាដូច្នោះ នាយព្រានព្រៃក៏មកដល់ ទើបក្អែកនឹងអណ្ដើកក៏ចេញចាកទីនោះ ចូលទៅពួនក្នុងព្រៃខាង ចាំមើលដំណើរស្មាន់នោះឯង ឯស្មាន់សោត កាលបើនាយព្រានមកដល់ខ្លួនក៏ស្ទុះកន្ត្រាក់ផ្ដាច់អន្ទាក់នោះដាច់បាន ហើយបោលចូលព្រៃទៅហោង ។
ឯនាយព្រាននឹកស្ដាយស្មាន់ណាស់ ក៏រត់ដេញស្មាន់នោះ តែតាមពុំទាន់ ទៅប្រទះលើអណ្ដើកដែលពួននោះ ទើបនាយព្រានចាប់អណ្ដើកនោះ ហើយក៏វិលមកធ្វើអន្ទាក់នោះទៀត។
ឯក្អែកឃើញនាយព្រានចាប់អណ្ដើកបានដូច្នោះ ក៏និយាយនឹងស្មាន់ថា ចូរអ្នកក្លែងធ្វើជាបាក់ជើង ដើរទៅខាងមុខនាយព្រានព្រៃ ប្រើឧបាយមាយាលលួងឲ្យនាយព្រានដេញ នាយព្រានគង់នឹងដាក់អណ្ដើកចោលនៅកណ្ដាលវាល រត់ដេញអ្នកឯងមិនលែង ហើយអ្នកឯងនឹងរត់គេចមកក្រោយវិញ ខាំពាំអណ្ដើកនោះបោលចូលព្រៃទៅ ឲ្យរួចពីដៃអាព្រានព្រៃនោះ ។
ឯស្មាន់ធ្វើតាមពាក្យក្អែកបង្គាប់នោះឯង លុះស្មាន់បោលទៅជិតនាយព្រានហើយ ក៏ធ្វើអាការជាសត្វបាក់ជើងម្ខាង បោលបោះតែជើង ៣ ចំពោះមុខព្រានព្រៃនោះឯង ឯនាយព្រានពុំដឹងអាការសត្វក៏សំគាល់ថា ស្មាន់នេះត្រូវអន្ទាក់វាខំកន្ត្រាក់ទាល់តែដាច់បាន ទំនងជាវាបាក់ជើងនេះ ព្រោះខ្សែអន្ទាក់អញវាវាត់ត្រូវនោះឯង គិតហើយនាយព្រាន ក៏ដេញទៅដើម្បីនឹងប្រហារ ។
ឯស្មាន់បែរមក ឃើញនាយព្រានមិនទាន់ដាក់អណ្ដើកចោលដូច្នោះ ក៏ក្លែងធ្វើជាពុំលឿន បោលទៅបន្តិច ៗ នាយព្រានចូលចិត្តថាស្មាន់ពិការជើង បោលពុំលឿនដូច្នោះ ក៏គិតថា អញប្រយោជន៍អ្វីនឹងអាអណ្ដើក ១ សាច់វាស្លស៊ីបានតែព្រឹកល្ងាចប៉ុណ្ណោះ គួរតែចោលវាចេញចុះ នឹងខំរត់ដេញចាប់អាស្មាន់ឲ្យបាន ដ្បិតវាជាសត្វធំ សាច់ច្រើន លើសអាអណ្ដើកនេះ គិតហើយនាយព្រានក៏ចោលអណ្ដើកនោះនោះលើគុម្ពស្បូវ ហើយរត់តាមស្មាន់នោះទៅ ។ ឯស្មាន់ដឹងថានាយព្រានចោលអណ្ដើកហើយ ក៏រឹងធ្វើកលបោលជន្លនាយព្រាន ឲ្យដេញចេញទៅផុតព្រៃស្បូវ បានឱកាសហើយ ស្មាន់ក៏បោលគេចមកក្រោយ បានទៅដល់អណ្ដើកហើយ ក៏ពាំអណ្ដើកនោះបោលបោះផ្លោះចូលក្នុងព្រៃធំ ។ ឯក្អែកក៏ហើរនាំផ្លូវទៅដរាបដល់ព្រៃ ១ ជាព្រៃផុតមនុស្សដើរដល់ទៅដល់ សត្វទាំង ៣ ក៏នាំគ្នាអាស្រ័យនៅក្នុងព្រៃនោះជាសុខសប្បាយហោង ។
រឿងនិទាននេះ ឯងយល់ចុះ ក្នុងគតិយ៉ាងណា ចូរថាទៅមើល ? ។
កូនសិស្សក៏តបថា - រឿងនេះ ចុះគតិកល្យាណមិត្រល្អ បុគ្គលឯណាបានមិត្រល្អ យ៉ាងក្អែកនឹងអណ្ដើកដែលជួយដោះស្មាន់ ជាមិត្រឲ្យរួចចាកទុក្ខបាន បុគ្គលនោះហៅថាមានមិត្រល្អ គួរគប្បីសេពគប់ ក៏ឯមិត្រនេះលោកសំដែងថា កុលបុត្រគប្បីបំរុងដោយស្ថាន ៥ ប្រការ គឺបែងចែកវត្ថុឲ្យ ១, និយាយចរចា ពាក្យពីរោះ ១ ប្រព្រឹត្តប្រយោជន៍ ១, ភាវៈ ជាអ្នកមានធុរៈឬខ្លួនស្មើជាប្រក្រតី ១, មិនក្លែងពោលពាក្យឲ្យឃ្លៀងឃ្លាតចាកក្ដីពិត ១ ។
មិត្របានទទួលបំរុងដូច្នេះហើយ ត្រូវអនុគ្រោះកុលបុត្រនោះដោយស្ថាន ៥ ប្រការវិញ គឺឃើញមិត្រនោះ ដល់នូវក្ដីលំបាក នាទីស្ថានឯណាមួយហើយ ស៊ូនៅរក្សាមិត្រ ពុំគិតលះចោលយ៉ាងនេះប្រការ ១, ជួយរក្សាទ្រព្យសម្បត្តិរបស់មិត្រ ដែលមិត្រលុះក្ដីប្រមាទ ១, កាលបើមានភ័យ ទទួលជាទីពឹងពំនាក់បាន ១, មិនលះចោលមិត្រក្នុងកាលវិបត្តិ មានកាលស្រូវថ្លៃជាដើម ១, រាប់អានរហូតដល់វង្សញាតិរបស់មិត្រ ១, ត្រូវជាស្ថាន ៥ ប្រការហោង ។ បុគ្គលក្នុងលោក គប្បីរកមិត្រមានធម៌អនុគ្រោះ ៥ ប្រការ ដូចសំដែងមកនេះ ទើបបានក្ដីសួស្ដីមង្គល ចំរើនក្ដីសុខសម្រាន្តដូចសត្វទាំង ៣ នោះហោង ។
ចប់តម្រាគតិសុភមិត្រ ។