រឿងតាភោគនឹងក្មេងវត្ត
មានតាចាស់ម្នាក់ឈ្មោះតាភោគ តានោះតាំងលំនៅ ៗខាងវត្តលោក គាត់ជាអ្នកឧស្សាហ៍ដាំដំណាំចិញ្ចឹមជីវិត អាស្រ័យដោយផលាផលនៃដំណាំនោះឯង តែគាត់ជាមនុស្សកំណាញ់ ពួកកូនក្មេងវត្តនោះវាតែងចូលទៅបេះបោចដំណាំគាត់តែរឿយ ៗ ។
ថ្ងៃមួយ តាភោគខឹងនឹងកូនក្មេងវត្តពេកណាស់ ទើបទៅពិតទូលលោកចៅអធិការ ឲ្យលោកជេរវាយហាមកូនសិស្ស លោកចៅអធិការក៏ទទួលពាក្យថា ចំរើនពរ ពេលនេះក្មេងវាមិនជុំគ្នា អាខ្លះវាទៅផ្ទះ អាខ្លះវាទោតាមអ្នកយើងទៅសូត្រមន្ត បើដូចចាំវាមកជុំកាលណា អាចក្ដីនឹងជេរវាយហាមវាឲ្យ អើញោមអើយ ធ្វើម្ដេចអាកូនក្មេងនេះ អាចក្ដីក៏បានហាមប្រាមដែរ វាកោតខ្លាចតែនៅមុខ ដល់កំបាំងមុខនៅវានាំគ្នាទៅប្រព្រឹត្តផ្លូវពាលដដែល ។ តាភោគបានឮចៅអធិការទទួលពាក្យខ្លួនថា នឹងជេរវាយកូនសិស្សឲ្យដូច្នោះក៏សប្បាយចិត្តបាត់ក្ដីទោសោ ទើបរីករាយនិយាយអំពីការឯទៀតៗ ។ ឯលោកចៅអធិការក៏នាំនិយាយពីហេតុនេះ ហេតុនោះ តម្រូវចិត្តតាភោគ ៗ ក៏តាំងផឹកទឹកតែ និយាយលេងជាមួយនឹងលោកចៅអធិការនោះជាយូរលង់ ។ ឯកូនក្មេងវត្តកាលដល់ពេលវាមកជុំគ្នា បានឃើញតាភោគមកទូលលោកឲ្យជេរវាយវាដូច្នោះវាក៏ជំនុំគ្នាថា ពួកយើងទៅបេះផ្លែភ្ញៀវតាភោគពីព្រឹកមិញ ឥឡូវគាត់មកពិតលោកគ្រូឲ្យវាយពួកយើងហើយ លោកគ្រូថាចាំពួកយើងមកជុំគ្នាកាលណា លោកនឹងវាយឲ្យគាត់ប្រាកដហើយ អើវ៉ើយកនយើង ឥឡូវតាភោគគាត់ជាប់ដៃនិយាយប្រាជ្ញព្រោកនឹងលោកគ្រូយើង ផ្ទះគាត់ស្ងាត់គ្មាននរណានៅទេ បើដូច្នោះកនយើង គួរទៅបេះផ្លែឈើគាត់ស៊ីឲ្យឆ្អែតទាំងអស់គ្នាសិន គង់តែយើងត្រូវរំពាត់ដដែលទេ យើងបេះមុន ក៏ដូចជាបេះក្រោយដែរ ពួកក្មេងនិយាយប្រឹក្សាយល់ព្រមគ្នាហើយ ទើបនាំគ្នាហែករបង កន្លងចូលទៅដល់ដើមភ្ញៀវហើយឡើងបេះស៊ីខ្លះ បេះស្ពាយយកទៅវត្តខ្លះ ខ្លះថ្ពក់ ខ្លះកាវ ខ្លះអង្រួនឲ្យគ្នាវារើសវេច រើសស៊ីតាមចិត្តទីទៃ ៗ លុះដល់ពេលល្ងាចហើយ ក៏ថ្វាយបង្គំលាលោកចៅអធិការវិលទៅគេហស្ថាន បានឃើញសំបកភ្ញៀវសំបកដូងនឹងផ្លែចាស់ខ្ចីជ្រុះខ្ជាំនៅខាងផ្ទះខ្លួនដូច្នោះ ក៏រឹងរឹតតែខឹងស្ដាយរបស់ខ្លួនក្រៃពេក កើតក្ដៅក្រហាយចិត្តត្បិតខ្លួននៅនិយាយលេងហួសការ គ្មាននរណានៅរក្សាផ្ទះដំណាំជួសខ្លួន ជាទីឱកាសឲ្យអាក្មេងវត្តវាមកនៅបេះបោចបុកបែនលើសលែងកាលជាន់មុន ៗ គឺកាលមុនបានទៅពិតដល់លោកហើយ លោកនៅមិនទាន់បានជេរវាយប្រដៅឲ្យឯងផង តាភោគគិតរកផ្លូវធ្វើក្មេងពុំបាន ក៏រឹងរំខានក្ដៅចិត្តក្រៃពេកហោង ។
រឿងនេះបានគិតដល់បុគ្គលអ្នកនិយាយច្រើន ភ្លើនចិត្តមិនគិតទៅក្នុងការប្រយោជន៍របស់ខ្លួន ចុះក្នុងក្បួនពាក្យលោកថា "កោក ៗ សឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របី ពោះគោឯនោះ" ។
តាអើយតាភោគ និយាយប្រាជ្ញព្រោក នឹងលោកសង្គ្រាជ មិនឈប់បង្អង់ ពីត្រង់ដល់ល្ងាច អាក្មេងឡើងរាជ ពង្រេចដំណាំ ។ លុះល្ងាចទៅផ្ទះ ស្រាប់ឃើញរង្គះ ផ្កាផ្លែជ្រុះខ្ជាំ កើតក្ដៅក្រហាយ សោកស្ដាយដំណាំ នេះគឺផលកម្ម និយាយមិនក្រោក ។
ចប់តម្រានិយាយច្រើនចំរើនចោរ ជាគតិទី ៤២ ។