គតិលោក/ភាគទី៨/2

គតិលោក, ភាគទី៨
by ឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ
រឿង​ចៅ​ខ្ញុំ​គេ​សំឡាប់​មាន់​រងាវ​យាម
113161គតិលោក, ភាគទី៨រឿង​ចៅ​ខ្ញុំ​គេ​សំឡាប់​មាន់​រងាវ​យាមឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ


រឿង​ចៅ​ខ្ញុំ​គេ​សំឡាប់​មាន់​រងាវ​យាម




មាន​ចៅ​ម្នាក់​នៅ​ជា​ខ្ញុំ​គេ នាយ​ប្រើ​ឲ្យ​ធ្វើការ​បំរើ​នៅ​ក្នុង​ជា​ប្រក្រតី ឯ​នាយ​នោះ​មាន​ចិញ្ចឹម​មាន់​ចែ​ឈ្មោល​មួយ​សម្រាប់​ឲ្យ​រងាវ​យាម​រាល់ៗ​ថ្ងៃ តែ​ដល់​ពេល​មាន់​នោះ​រងាវ​ឡើង​កាល​ណា​ហើយ គេ​តែង​ដាស់​ចៅ​នោះ​ប្រើ​ឲ្យ​ទៅ​ធ្វើការ​ទាំង​ឡាយ មាន​រែក​ទឹក​ស្រោច​ដំណាំ​ជា​ដើម ។

ឯ​ចៅ​នោះ​បាន​ក្ដី​លំបាក ដោយ​ការងារ​នាយ​មាន​កំណត់​មាន់​រងាវ​ពេល​ក្រោក​ចាក​និទ្រា ទោះ​ខ្លួន​ងុយ​ងោក​ចង់​ដេក​វិញ​យ៉ាង​ណា ៗ ក៏​ពុំ​បាន ចៅ​នោះ​មាន​ក្ដី​រំខាន ទើប​មក​គិត​ថា អញ​ខាន​ដេក ខាន​ពួន សព្វ​ថ្ងៃ​នេះ ពីព្រោះ​តែ​មាន់​យាម​នេះ​ឯង បាន​ជា​នាយ​ដាស់​ឲ្យ​ក្រោក​ទៅ​ធ្វើការ ខាន​ដេក​ក្នុង​វេលា​និទ្រា​ស្រួល បើ​នឹង​ទុក​មាន់​យាម​ឲ្យ​វា​រងាវ​យ៉ាង​នេះ​តទៅ អញ​ឃើញ​ជា​ពិបាក​ណាស់ ព្រោះ​នាយ​គាត់​ប្រើ​ក្នុង​កាល​មាន់​នេះ​វា​រងាវ បើ​ដូច្នោះ​មាន​តែ​អញ​ចាប់​មាន់​នេះ​យក​ទៅ​សម្លាប់​ចោល​ឲ្យ​បាត់ កុំ​ឲ្យ​នាយ​គាត់​អាង​មាន់​យាម​នេះ​ជា​សញ្ញា ទើប​ការ​អញ​បាន​ស្រាល​បាន ដេក​លក់​សុខ​សប្បាយ​ទៅ​ហោង គិត​ហើយ​ចៅ​នោះ​លួច​ចាប់​មាន់​យាម​នោះ​បាន ហើយ​យក​ទៅ​កំពង់​ទឹក តាំង​បោក​ប្រហារ​មាន់​នោះ​ស្លាប់ ហើយ​បោះ ចោល​សាកសព​មាន់​ទៅ​ក្នុង​ស្ទឹង បិទ​ការណ៍​នោះ​មិន​ឲ្យ​នាយ​ដឹង​ឮ​ឡើយ ហើយ​រែក​ទឹក​វិល​មក​ផ្ទះ​វិញ​ហោង ។

ឯ​នាយ​នោះ កាល​ពី​ដើម​បាន​មាន់​យាម​ជា​កំណត់​នឹង​ដាស់​ខ្ញុំ​ទៅ​ធ្វើការ​ផ្សេង​ៗ ចាប់​ដើម​ពី​ថ្ងៃ​ឥត​មាន់​យាម​នោះ​មក គាត់​ចង់​ដាស់​ចៅ​ខ្ញុំ​ឲ្យ​ក្រោក​ទៅ​ធ្វើការ​ក្នុង​វេលា​ណា​ៗ ក៏​បាន ស្រេច​នឹង​គាត់​ត្រូវ​ការ​វេលា​ណា ក៏​ដាស់​ប្រើ​ក្នុង​វេលា​នោះ​ទៅ ឥត​ពេល​ដូច​កាល​មុន​ៗ​នោះ​ឡើយ ។

ឯ​ចៅ​នោះ​លុះ​ត្រូវ​នាយ​ប្រើ​ឥត​ពេល កើត​ក្ដី​ពិបាក​លើស​មុន​ទៅ​ទៀត ក៏​មក​គិត​ស្ដាយ​មាន់​យាម​នោះ​វិញ​ថា កាល​ពី​ដើម​គេ​ប្រើ​អញ​ដោយ​ពេល​មាន់​រងាវ គឺ​តែ​ដល់​ពេល​មាន់​រងាវ​រួច​ហើយ នាយ​គាត់​ដាស់​ឯង​ឲ្យ​ក្រោក​ទៅ​ធ្វើការ ឯង​គិត​ថា​កំពុង​ដេក​លក់​ស្រួល​ដល់​អា​មាន់​វា​រងាវ នាយ​ដាស់​ឯង​ឲ្យ​ទៅ​ប្រកប​ការ ឃើញ​ថា​ទោស​ខាន​ដេក​អំពី​មាន់​ជា​ប្រាកដ ហេតុ​នោះ​បាន​ជា​ឯង​ចាប់​វា​យក​ទៅ​ប្រហារ​បង់ នឹក​ថា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ​ខ្លះ ដល់​ឥឡូវ​ឥត​ពី​មាន់​យាម​ទៅ នាយ​រឹងរឹត​តែ​ប្រើ​ឯង​លើស​ប្រមាណ គឺ​ពុំ​មាន​ពេល​វេលា​ឡើយ គាត​ចង់​ប្រើ​វេលា​ណា ក៏​ប្រើ​ទៅ​តាម​ចិត្ត​ជា​ម្ដង ឱ​អញ​អើយ​ដែល​អញ​វាយ​មាន់​ចោល​នោះ ខុស​ប្រាកដ​ទៅ​ហើយ បើ​ទុក​មាន់​នៅ​គ្រាន់​បើ​ជាង​នេះ ព្រោះ​គេ​ប្រើ​មាន​ពេល​មាន​កាល​វេលា​ខ្លះ ចៅ​នោះ​គិត​ឃើញ​ដូច្នោះ ក៏​កើត​ក្ដៅ​ក្រហាយ​ពុំ​សប្បាយ​ហោង ។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​ផ្លាស់​កន្លែង​ស្វែង​រក​ក្ដី​សុខ ដល់​បាន​ទុក្ខ​ក៏​ក្ដៅ​ក្រហាយ​សោកស្ដាយ​កន្លែង​ចាស់​វិញ ។ កើត​មក​ជា​ទាសាទាសី​គេ​ហើយ នឹង​គិត​ថា​នាយ​គេ​ប្រើ​អញ​ឆ្នាំ​នេះ​ពិបាក​គឺ​តឹង​ណាស់ ដល់​ឆ្នាំ​មុន ៗ យ៉ាង​ជា​ធូរ​ជាង​នេះ​ទេ​ដឹង ការ​គិត​គ្នេរ​យ៉ាង​នោះ​មិន​ត្រូវ​ទេ វិស័យ​ខ្លួន​ជា​ខ្ញុំ​គេ​ហើយ នឹង​ស្វែង​រក​ក្ដី​ទំនេរ ក្ដី​សុខ​ឯណា​មាន គួរ​គិត​ទៅ​ចុះ ។

ខ្ញុំ​អើយ​ខ្ញុំ​គេ គិត​រក​ទំនេរ គ្មាន​ទេ​ណា៎​បា តែ​ផ្លាស់​កន្លែង រក​ស្វែង​សុខា ក្រែង​ដូច​តម្រា ចៅ​វាយ​មាន់​យាម ។ មួយ​ហត្ថ​ជាន់​មុន ជាន់​ក្រោយ​ទ្វេ​គុណ លើស​មុន​ដប់​ព្យាម ដៃ​អើយ​កុំ​កែ គង់​ផ្លែ​រាល់​ម្រាម ធ្វើ​នេះ​រួច​ភ្លាម ធ្វើ​នោះ​តទៅ ។