គតិលោក/ភាគទី៩/6

113477គតិលោក, ភាគទី៩ចំណងជើងរឿងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​សត្វ​ម្រោម​នឹង​សត្វ​សឹង្ហ​តោ




និទាន​នេះ​មាន​ដំណាល ក្នុង​ក្បួន​បារាំង​សែស

មាន​សត្វ​ម្រោម​មួយ ហើរ​ទៅ​ឃើញ​សត្វ​សឹង្ហ​តោ​មួយ ដេក​នៅ​ក្រោម​ដើម​ឈើ ក៏​នឹក​ថា​សត្វ​សឹង្ហ​តោ មាន​អំណាច​អង់​អាច​ខ្លាំង​ណាស់ ក្នុង​លោក​នេះ គ្មាន​សត្វ​ណា​ឈ្នះ​វា​ឡើយ បើ​ដូច្នេះ​អញ​នឹង​ផ្ចាញ់​វា​ក្នុង​គ្រា​នេះ ម្រោម​នោះ​គិត​ហើយ ក៏​ហើរ​ទៅ​ចុះ​ទំ​ខាំ​ក្បាល​សឹង្ហ​តោ ៗ រលាស់​គ្រវី​ក្បាល ម្រោម​ក៏​ចូល​ទៅ​ក្នុង​ត្រចៀក សឹង្ហ​តោ​ក៏​បោក​បក់​ចេញ ម្រោម​ក៏​ទៅ​ទំ​ទិច​ចុង​ច្រមុះ សឹង្ហ​តោ​គ្រ​វី​បោក​លោត​ត្រ​បាក់​ម្រោម​នោះ ម្រោម​ក៏​ហើរ​គេច​ទៅ​ទំខាង​ខ្នង ហើយ​ហើរ​មក​រោម​មុខ​ទៀត សឹង្ហ​តោ បាន​ក្ដី​រំខាន​នឹង​ខាំ​ក៏​ពុំ​បាន នឹង​ដេក​នៅ​ក៏​ពុំ​បាន ទើប​ក្រោក​ដើរ​ចេញ​ចាក​ទី​នោះ ចូល​ព្រៃ​ទៅ​ហោង ។

ឯ​ម្រោម​ឃើញ​សឹង្ហ​តោ​រត់​ចេញ​ចាក​ទី​នោះ ក៏​សំគាល់​ថា​ខ្លួន​មាន​ជ័យ​ជំនះ ឈ្នះ​សឹង្ហ​តោ​ហើយ ក៏​ត្រេក​អរ​រីក​រាយ​សប្បាយ​ចិត្ត តាំង​ហើរ​ទៅ ហើរ​មក ស្រែក​ថា ឈ្នះ​ហើយ ៗ មាត់​តែ​ស្រែក​ភ្នែក​មិន​បាន​ថា​មើល ក៏​ប៉ះ​ទៅ​លើ​មង​ពីងពាង ជាប់​ដូច​គេ​ចង​រុំ​ខ្លួន​ជិត ខំ​កន្ត្រោង​ហើរ​ក៏​ពុំ​រួច​ឡើយ ពីងពាង​ដឹង​ថា​ម្រោម​ជាប់​មង​ខ្លួន​ហើយ ក៏​ស្ទុះ​ទៅ​ខាំ​ស៊ី​ជា​ចំណី​ហោង ។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​ពាល ប្រទូសរ៉ាយ​អ្នក​ឥត​ទោស កម្ម​អកុសល​នោះ ប្រែ​ធ្លាក់​មក​លើ​ខ្លួន​ឯង​វិញ សម​ដោយ​ពាក្យ​បុរាណ​ថា "ធ្វើ​ទុក្ខ​គេ ៗ ឲ្យ​ទុក្ខ​វិញ" ប្រាជ្ញ​គប្បី​ពិចារណា​ទៅ​ទៀត​ចុះ ។

ចប់​តំរា​ឲ្យ​ទុក្ខ​គេ ទុក្ខ​នោះ​បាន​មក​លើ​ខ្លួន​វិញ ជា​គតិ​ទី ៥៨ ។