រឿងសត្វបង្កួយនៅខ្លោងទ្វារព្រះបាទវិទេហរាស្ត្រ
មានសត្វបង្គួយមួយ អាស្រ័យនៅលើខ្លោងទ្វារព្រះរាជវាំងនៃព្រះបាទវិទេហរាស្ត្រ នៅក្នុងនគរមិថិលា បង្គួយនោះតែងបានឃើញស្ដេចយាងចេញចូលតាមទ្វារនោះកាលណា ក៏ចុះមកដីធ្វើសិរសីផ្ងក់ៗ គឺគំនាប់គោរពព្រះបរមរាជាតែរាល់ ៗ កាល ។ ឯព្រះបាទវិទេមារាស្ត្រ ស្ដេចយល់អាការកិរិយាបង្កួយនោះហើយ ក៏ត្រាស់សួរចៅមហោសថបណ្ឌិតពោធិសត្វ ៗ ក៏ក្រាបទូល តាមហេតុបង្កួយឱនបង្គំចំពោះបរមរាជាទើបស្ដេចមានព្រះហឫទ័យត្រេកអរ នឹងបង្កួយនោះឯង ហើយទ្រង់ប្រោសប្រាណព្រះរាជទានមាសមួយពៃក្ដាមបើកឲ្យនាយពិសេស ទិញសាច់ឲ្យបង្កួយអាស្រ័យតាមសម័យកាលអំពីថ្ងៃនោះមក ឯបង្កួយអាស្រ័យតាមសម័យកាលអំពីថ្ងៃនោះមក ឯបង្កួយក៏បាននៅសុខសប្បាយ ពុំបានខ្វល់ខ្វាយចេញទៅស្វែងរកអាហារឯណាឡើយ
លុះនៅយូរមក មានកាលថ្ងៃមួយ នាយពិសេសរកទិញសាច់ស្រស់មិនបាន ដោយជាថ្ងៃឧបោសថសីលពុំមានគេសម្លាប់សត្វមួយឡើយ ទើបនាយពិសេសយកមាសមួយពៃក្ដាមនោះ មកចោះដោតខ្សែ ហើយចងកបង្កួយនោះហោង ។
ឯបង្កួយនោះ តាំងពីបានមាសពាក់មក ក៏កើតចិត្តស្រវឹងយស វាយកំពស់ក្អេងក្អាង កាលឃើញព្រះបាទវិទេហរាស្ត្រស្ដេចយាងមកក៏គិតថា ស្ដេចនេះមានគ្រឿងអម្ពរដ៏ហើយដោយមាសពាក់ប្រដាប់កាយឯអញសោត ក៏មានមាសពាក់ប្រដាប់កាយដូចគ្នា បើដូច្នេះ អញនឹងចុះទៅគំនាប់ស្ដេចនេះធ្វើអ្វីទៀត នាំឲ្យលំបាក ការមានសក្ដិយសស្មើគ្នាយ៉ាងនេះ បង្កួយគិតដូច្នេះហើយ ក៏ធ្វើព្រងើយកន្តើយពុំនាំពានឹងចុះមកវន្ទាដូចកាលមុនឡើយ ឯព្រះបាទវិទេហរាស្ត្រស្ដេចយល់បង្កួយ មិនចុះពីខ្លោងទ្វារមកវន្ទាព្រះអង្គដូចថ្ងៃមុនៗដូច្នោះ ក៏ទ្រង់ព្រះពិរោធក្រោធនឹងបង្កួយនោះ ទើបត្រាស់ប្រើរាជអាមាត្យឲ្យធ្វើរឹងកទាក់បង្កួយនោះទំលាក់ចេញអំពីខ្លោងទ្វារ ហើយឲ្យប្រហារជីវិតនៃបង្កួយនោះបង់ ។
ឯព្រះមហោសថបណ្ឌិតពោធិសត្វ ក៏ក្រាបទូលសូមជីវិតបង្កួយ ដោយជាសត្វតិរច្ឆានតូចពុំដឹងអ្វីមិនគប្បីនឹងទៅពិឃាដវា ហើយពោធិសត្វរកហេតុ ដែលនាំឲ្យបង្កួយកោងមិនចេះមកវន្ទាស្ដេចដូចថ្ងៃមុន ៗ បានហៅនាយពិសេសមកសួរការ នាយពិសេសទូលថាបានយកមាសមួយពៃក្ដាម មកចោះចងកបង្កួយដោយរកទិញសាច់ឲ្យវាស៊ីមិនបាន ។ ព្រះពោធិសត្វជ្រាបហេតុដូច្នោះ ក៏សំដែងទោសមាសប្រាក់នោះថា ជាគ្រឿងនាំចិត្តសត្វនឹងមនុស្សឲ្យស្រវឹង កាន់អស្មិមានះឡើងចាងមានប្រការផ្សេង ៗ ញ៉ាំងព្រះហឫទ័យនៃព្រះបាទវិទេហរាស្ត្រ ឲ្យរសាយព្រះក្រោធនឹងបង្កួយនោះឯង ។ ឯព្រះបាទវិទេហរាស្ត្រ ស្ដេចក៏ឲ្យអមាត្យយកបង្កួយនោះទៅលែងចោលឰដ៏ទីព្រៃក្រៅ ពុំប្រោសប្រាណចិញ្ចឹមបង្កួយនោះតទៅទៀតឡើយ ។
រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរទសជាតក៍ឯណោះ អញ្ជើញប្រាជ្ញទៅមើលយកចុះឯក្នុងតំរានេះខ្ញុំបានទាញយកមកសំដែងដោយសង្ខេបឲ្យឃើញបែបអ្នកឥតពូជឥតសន្ដានល្អ បានយសសក្ដិហើយ រក្សាយសសក្ដិនោះ ទុកយូរមិនបានត្រឡប់ជាធ្លាក់យសនោះវិញ ដូចបង្កួយរក្សាមាសមួយពៃក្ដាមមិនបាននោះឯង គួរចូលចិត្តចុះ ។ បងអើយបង្កួយ បានមាសតូចមួយ កើតចិត្តឡើងចាង ចើងវាយកំពស់ កាន់យសក្អេងក្អាងឃើញស្ដេចមកខាង មិនចុះវន្ទា ។ អាងមាសចងកអំនួតអួតត បរមរាជា បានក្ដីធ្លាក់ថ្លស់ ចាកយសសក្ដាត្រូវព្រះអាជ្ញា បណ្ដេញចាកទី ។ ចប់តំរាមនុស្សជួ ផ្ទឹមតួនឹងអ្នកធំ ជាគតិទី ៦០ ។