គតិលោក/ភាគទី៩/8

113481គតិលោក, ភាគទី៩ចំណងជើងរឿងឧកញ៉ាសុត្តន្ដប្រីជា ឥន្ទ

រឿង​នាយ​ព្រាន​ព្រៃ​កាប់​សត្វ​សារិកា




មាន​នាយ​ព្រាន​ព្រៃ​ម្នាក់ ទៅ​ចាប់​សត្វ​សាលិកា ១ ក្ងោក ១ កុក ១ បាន​មក​បង្ហាត់​ក្នុង​ការ​ល្បែង គឺ​សាលិកា បង្ហាត់​ឲ្យ​ចេះ​និយាយ​ស្ដី​ជា​ភាសា​មនុស្ស​យើង​បាន​គ្រប់​ប្រការ ឯ​ក្ងោក​នឹង​កុក​បង្ហាត់​ឲ្យ​ចេះ​រេរាំ ប្រើ​លំ​នាំ​ទៅ​បាន​ផ្សេង ៗ ។ នាយ​ព្រាន​បង្ហាត់​សត្វ​ទាំង​បី​បាន​ចេះ​ស្ទាត់​ហើយ ទើប​នាំ​យក​ទៅ​ថ្វាយ ព្រះ​បរម​រាជា នា​ព្រះ​រាជវាំង​ដើម្បី​យស​សក្ដិ​នឹង​ប្រាក់​រង្វាន់​តាម​ភាព​ជាតិ​ព្រាន​ព្រៃ ។ ព្រះ​បរម​រាជា ទ្រង់​ត្រាស់​សួរ​ថា សត្វ​ទាំង​បី​នេះ តើ​ចេះ​អ្វី​ខ្លះ នាយ​ព្រាន​ក្រាប​ទូល​ថា សត្វ​សាលិកា​នេះ ចេះ​និយាយ​ភាសា​មនុស្ស​បាន ទូល​ហើយ ក៏​ប្រើ​សាលិកា​ឲ្យ​និយាយ​សាលិកា​ក៏​សំដែង​វិជ្ជា​ដែល​ខ្លួន​ចេះ គឺ​ពោល​ពាក្យ​ផ្សេង ៗ ជា​ភាសា​មនុស្ស​ស្រេច​ហើយ​នាយ​ព្រាន​ប្រើ​ក្ងោក​ឲ្យ​រាំ​ថ្វាយ ក្ងោក​រាំ​រេ​កាប់​កែ តាម​ចំណេះ​ដែល​ខ្លួន​ចេះ​នោះ​បាន​ផ្សេង ៗ ព្រះ​បរម​រាជា ក៏​សព្វ​ព្រះ​ទ័យ​នឹង​សត្វ​ទាំង​ពីរ ទើប​ទ្រង់​ឲ្យ​អាមាត្យ​ចាប់​យក​ទៅ​ដាក់​ទ្រុង​ទុក​ជា​របស់​ព្រះ​រាជ​ទ្រព្យ​ហ្លួង

នាយ​ព្រាន​ព្រៃ​ក៏​នាំ​កុក​ចេញ​មក ហើយ​ប្រើ​កុក​នោះ​ឲ្យ​រាំ​ថ្វាយ​ព្រះ​បរម​រាជា​ទៀត ឯ​កុក​ជា​សត្វ​មាន​ប្រាជ្ញា ស្គាល់​កាល​គួរ​កាល​មិន​គួរ គិត​ថា សត្វ​សាលិកា​សត្វ​ក្ងោក​គេ​បាន​សំដែង​ចំណេះ​ថ្វាយ​ស្ដេច ៗ សព្វ​ព្រះ​ទ័យ ទ្រង់​ឲ្យ​ដាក់​ទ្រុង​ទុក​ជា​ព្រះ​រាជ​ទ្រព្យ​ហើយ ប្រសិន​បើ​អញ​សំដែង​ចំណេះ​ឡើង គង់​ស្ដេច​នឹង​ឲ្យ​ដាក់​ទ្រុង​ទុក​ដូច​គេ ធម្មតា​ការ​ជាប់​ទ្រុង​នេះ នឹង​រក​ក្ដី​សុខ​ឯ​ណា​មាន មាន​តែ​ក្ដី​ទុក្ខ​ក្ដី​រំខាន​ជា​ប្រាកដ​បើ​ដូច្នេះ កាល​នេះ​មិន​គួរ​នឹង​សំដែង​វិជ្ជា​ដែល​ចេះ​នោះ​ទេ ត្រូវ​ធ្វើ​ល្ងង់​វិញ​ទើប​រួច​ខ្លួន គិត​ហើយ​កុក​នោះ​ពុំ​រាំ​ឡើយ ធ្វើ​តែ​ក្រក​ទៅ​ក្រក​មក ៗ ប៉ុណ្ណោះ​ឯង នាយ​ព្រាន​ប្រើ​ឲ្យ​ធ្វើ​ដូច​ម្ដេច ៗ កុក​ក៏​មិន​ធ្វើ​តាម ចេះ​តែ​ក្រក​ទៅ​ក្រក​មក​ដូច្នោះ​ឯង ។ ឯ​ព្រះ​បរម​រាជា​យល់​កិរិយា​កុក​មិន​ចេះ​ធ្វើ​ដូច្នោះ ក៏​ទ្រង់​ត្រាស់​ឲ្យ​នាយ​ព្រាន​ព្រៃ​ស្រាយ​លែង នាយ​ព្រាន​ក៏​លែង​កុក​នោះ​តាម​ព្រះ​បន្ទូល​ហោង ។ ឯ​កុក​បាន​រួច​ចេញ​ចាក​ដៃ​នៃ​នាយ​ព្រាន​ហើយ ក៏​ហើរ​ឡើង​លើ​អាកាស ហើយ​បញ្ចេញ​ឧទាន​វាចា​ថា "សត្វ​សាលិកា​នឹង​ក្ងោក គេ​ចេះ​ប្រាជ្ញ​ព្រោក ញ៉ាំង​មនុស្ស​លោក​ឲ្យ​ត្រេក​ចិត្ត​បាន ធ្វើ​ប្រាណ​ឲ្យ​ជាប់​ទ្រុង មាន​សភាព​យ៉ាង​នេះ អើ​ជា​ហើយ​ល្អ​ហើយ​ចៅ​ទាំង​ពីរ តែ​យើង​យល់​ថា​ការ​ជាប់​ទ្រុង​គេ​នោះ ជា​ទី​នាំ​មក​នូវ​ក្ដី​ទុក្ខ​រំខាន បាន​ជា​យើង​មិន​សំដែង​វិជ្ជា​ដែល​ចេះ​នោះ ស៊ូ​មាយា​ធ្វើ​ល្ងង់​ខ្លៅ ដើម្បី​ឲ្យ​គេ​ស្អប់​គេ​លែង​ចោល​បង់ នឹង​បាន​ទៅ​ជួប​ជុំ​វង្ស​ញាតិ​សន្ដាន​ដែល​ព្រាត់​ប្រាស​មក​នោះ សាលិកា​នឹង​ក្ងោក​ឯង​ចេះ​ចំណេះ​ព័ន្ធ​ក​ឯង​យ៉ាង​នេះ យើង​មិន​សរសើរ​ទេ ចេះ​អី​ឲ្យ​ជាប់​ទ្រុង​គេ​យ៉ាង​នេះ ហៅ​ថា​ចេះ​របេះ​ក្បាច់​ហៅ​ថា​ចំណេះ ជិះ​ក​ឯង​ហើយ នៃ​សកុណ​បក្សី​ទាំង​ពីរ​អ្នក​ឯង​មិន​ដឹង​កាល​គួរ​សំដែង​ចំណេះ ទៅ​សំដែង​ក្នុង​កាល​មិន​គួរ​សំដែង បាន​ជា​អ្នក​ឯង​ជាប់​ទ្រុង​ទៅ​ណា​មិន​រួច​យ៉ាង​នេះ" កុក​នោះ​ពោល​ពាក្យ​ដូច្នោះ​ហើយ​ក៏​ហើរ​ទៅ​កាន់​ទី​តាម​ចិត្ត​ប្រាថ្នា​ហោង ។

រឿង​នេះ​បាន​គិត​ដល់​បុគ្គល​អ្នក​ចេះ​សំដែង​ចំណេះ​ក្នុង​កាល​មិន​គួរ​ថ្លែង នាំ​ឲ្យ​ព័ន្ធក​ឯង​វិញ ដូច​យ៉ាង​អ្នក​ខ្លះ​បាន​ឃើញ​បាន​ឮ​អ្វី ហើយ​នាំ​មក​សំដែង​ក្នុង​កាល​ប្រជុំ​អ្នក​ធំ ដល់​អ្នក​ធំ​គេ​ត្រូវ​ការ​ឡើង ក៏​ប្រើ​ឯង​ឲ្យ​ទៅ​ធ្វើ​ការ​នោះ ឬ​ការ​នោះ​ជា​ការ​កំបាំង ខ្លួន​ទៅ​ថ្លែង គេ​ប្រកាន់​ខ្លួន​ជាប់​ថា ខ្លួន​បាន​ដឹង​បាន​ឮ ហើយ​គេ​ហៅ​យក​ខ្លួន​ទៅ​សំដែង ការ​នោះ​ឯង​ត្រូវ​ពាក់​ព័ន្ធ​មក​លើ​ខ្លួន​វិញ​យ៉ាង​នេះ​ក៏​មាន កិត​អស់​នេះ នៅ​មាន​ច្រើន​តទៅ​ទៀត អញ្ជើញ​ប្រាជ្ញ​ពិចារណា​ទៅ​ទៀត​ចុះ ។

កុក​អើយ​នាង​កុក ត្រិះ​យល់​ក្ដី​សុខ ក្ដី​ទុក្ខ​សម្ទាយ កាល​ខុស​ដំណែង មិន​ថ្លែង​អភិប្រាយ ក្លែង​ធ្វើ​ខ្លៅ​ក្លាយ ញ៉ាំង​កាយ​រួច​បាន ។ វិជ្ជា​ចំណេះ គួរ​ចា​គួរ​ចេះ គួរ​ដឹង​ប្រមាណ គួរ​ពោល​ល្មម​ពោល​គួរ​ខាន​ល្មម​ខាន កុំ​អាង​តែ​ប្រាណ ប្រាជ្ញ​ព្រោក​ព្រើល​ថ្លែង ។ នេះ​ហើយ​ចេះ​ចប់ ចេះ​មិន​ប្រសប់ ក្នុង​កាល​សំដែង ចេះ​នោះ​ប្រែ​ជាន់ ចេះ​ព័ន្ធក​ឯង ចេះ​កាល​មិន​ថ្លែង ចេះ​ឯង​មិន​ថ្លៃ ។ ចប់​តម្រា​ពោល​វិជ្ជា​ខុស​កាល​ជា​គត៌​ទី ៦១ ។