កម្ពុជសុរិយា/ឆ្នាំទី១
សេចក្ដីប្រាព្ធ
វិជ្ជាឋានមានការពេញចិត្តនឹងរៀបចំបោះពុម្ពឡើងវិញជាថ្មី នូវកម្រងឯកសារទស្សនាវដ្ដី "កម្ពុជសុរិយា" តាំងពីឆ្នាំទី ១ រៀងតមក ដើម្បីធ្វើជាសៀវភៅមួយៗ សម្រាប់ឆ្លើយតបចំពោះកិច្ចត្រូវការ របស់អស់លោកអ្នកស្រាវជ្រាវអក្សរសាស្ត្រខ្មែរ។
វិជ្ជាឋានសង្ឃឹមថា កម្រងឯកសារនេះនឹងមានប្រយោជន៍ចំពោះការសិក្សាស្រាវជ្រាវរបស់អស់លោក សមតាមសេចក្ដីត្រូវការជាប្រាកដ។
ភ្នំពេញ ថ្ងៃទី ២៤ ធ្នូ ១៩៦៩
លាង - ហ័បអាន
នាយកវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ
សេចក្ដីបញ្ជាក់អំពីការបោះពុម្ពផ្សាយជាលើកទី ២
នៃ ទស្សនាវដ្ដី កម្ពុជសុរិយា
សៀវភៅដ៏ក្រាស់នេះ ជាកម្រងទស្សនាដ្ដី "កម្ពុជសុរិយា" ដែលបោះពុម្ពឆ្នាំទី ១ ពី គ.ស. ១៩២៩-២៧ ។
គោលបំណងរបស់យើង ក្នុងការរើសយកមកបោះពុម្ពជា ១ សៀវភៅនេះជាថ្មី គឺអាស្រ័យដោយសេចក្ដីយល់ថា សព្វថ្ងៃនេះ មានអ្នកសិក្សាស្រាវជ្រាវខាងអក្សរសាស្ត្រ វប្បធម៌ជាតិកាន់តែច្រើនឡើងៗ ។ ជនទាំងនេះ តែងត្រូវការចាំបាច់រកឯកសារចាស់ៗដែលមានផ្សាយហើយ យកមកធ្វើការពិនិត្យស្រាវជ្រាវនិងជាការសំអាងហេតុផលផ្សេងៗ ក្នុងស្នាដៃថ្មីរបស់ខ្លួនផង ។ ក្នុងបណ្ដាសៀវភៅអក្សរសាស្ត្រខ្មែរដែលបោះពុម្ពផ្សាយមុនគេគឺមានតែទស្សនាវដ្ដី «កម្ពុជសុរិយា» នេះឯង ដែលកាលនោះអស់លោកបណ្ឌិតខ្មែរយើង លោកបានតាក់តែងនិពន្ធអត្ថបទ ហែហូរតាមព្រឹត្តិការណ៍ដែលមានក្នុងសម័យនោះ អាចចាត់ទុកបានជាឯកសារយ៉ាងសំខាន់បំផុត ពុំងាយរកបាន ។ អ្នកស្រាវជ្រាវ អាចរកឃើញជាក់ច្បាស់លាស់អំពីហេតុការណ៍ដែលកើតមានក្នុងរវាងជាង ៤០ ប្លាយឆ្នាំហើយ។
ប៉ុន្តែ យើងសូមបញ្ជាក់ថា ការបោះពុម្ពគ្រានេះ យើងរៀបចំប្លែកបន្តិចពីច្បាប់ដើមគឺ៖
១- អត្ថបទខ្លីៗដែលមានចុះលេខ ៗ គ្នានោះ យើងស្រង់មកដាក់មួយពួកខាងដើម គ្រាន់តែចង្អុលប្រាប់ក្នុងលេខយោងជា ស្រង់ [ - ]ពីក្នុងក្បាលលេខណាៗដើម្បីឲ្យអ្នកស្រាវជ្រាវស្រួលដេញរកប្រភព។
២- អត្ថបទវែងដែលកាលនោះមានចុះតគ្នាច្រើនលេខ, យើងប្រមូលមកដាក់ភ្ជាប់គ្នាតែម្ដង ដើម្បីឲ្យស្រួលអាន តែមានលេខយោងបញ្ជាក់ប្រាប់ប្រភពដើមថា ស្រង់ពីលេខណាៗដែរ។
៣- មានអត្ថបទវែងពីរ ដែលមានចុះផ្សាយកាលនោះ ប៉ុន្តែឥឡូវយើងពុំបានបោះឡើងវិញទេ គឺ ៖
"អភិធម្មត្ថសង្គហៈ ១ និង គតិលោក ១" ។ ហេតុបានជាពុំបានបោះផ្សាយឡើងវិញ ព្រោះយល់ថា ក្នុងឆ្នាំនោះអត្ថបទទាំងពីរនេះ ក៏ពុំបានចុះផ្សាយចប់ដែរ ហើយវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យក៏បានយកអត្ថបទទាំងពីរនេះមកបោះពុម្ពជាសៀវភៅរួចស្រេចដាក់ជាវជាយូរឆ្នាំមកហើយផង ។ ម្ល៉ោះហើយ អ្នកស្រាវជ្រាវពុំពិបាកនឹងរកទេ ។
ចំណែកពាក្យពេចន៍ និងឃ្លាល្បះ ជាសំនួនវោហាររបស់អ្នកនិពន្ធ យើងឥតប៉ះពាល់ឡើយ ទុកនៅតាមលក្ខណៈដើមទាំងស្រុង គ្រាន់តែតម្រូវអក្ខរាវិរុទ្ធតាមបែបប្រើសព្វថ្ងៃប៉ុណ្ណោះ ។
ដូច្នេះ វិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យសង្ឃឹមថា សៀវភៅនេះ នឹងផ្ដល់មធ្យោបាយងាយស្រួលមួយផ្នែកធំ ចំពោះអ្នកសិក្សាស្រាវជ្រាវជាមិនខាន ។
ភ្នំពេញ ថ្ងៃទី ១ មករា ១៩៧០
អ្នកប្រមូលរួមបោះពុម្ព
លី - ធាមតេង